(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិ ដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ចរាចរណ៍ ដើម្បីសួរនាំរកឯកសារនោះទេ។
សម្តេចបញ្ជាក់ថា អ្នកធ្វើដំណើរត្រឹមត្រូវ គឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញាទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ។
ការបញ្ជាក់បែបនេះ របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីមានសាធារណមតិ បានបង្ហោះសារតាមបណ្តាញសង្គមនានា ដោយបង្ហាញពីក្តីព្រួយបារម្ភថា សមត្ថកិច្ចនឹងឃាត់ពួកគាត់ ក្នុងពេលធ្វើដំណើរលើដងផ្លូវ ទាំងមិនខុសច្បាប់ ដើម្បីត្រួតពិនិត្យ ឯកសារពាក់ព័ន្ធនានាជាដើម។ ខណៈសមត្ថកិច្ចនឹងអនុវត្តវិធានការ រឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសពាក់ព័ន្ធ នឹងការអនុវត្តអនុក្រឹត្យថ្មី ស្ដីពី ការផាកពិន័យ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលមានការបង្កើនកម្រិតទឹកប្រាក់ផាកពិន័យហើយ ដែលចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ កិច្ចប្រជុំពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ, សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិ ដែលធ្វើដំណើរប្រកបដោយ ការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ បងប្អូនអ្នកត្រឹមត្រូវ គឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរ ដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ»។
ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម បានលើកឡើងថា «សូមកុំមានទស្សនៈថានគរបាលឆ្លៀតយកឱកាសនេះ ធ្វើបាបប្រជាជន នេះគឺជាភារកិច្ច ដើម្បីប្រជាជន ហើយទាល់តែឃាត់គ្រប់អ្នកដំណើរ ទោះគោរពច្បាប់ និងមិនគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះ ទើបថាជាវិធានការរដ្ឋបាល។ វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញ ដើម្បីឆ្លើយតបនឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាពដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយនោះ»។
សម្ដេចបានគូសបញ្ជាក់ទៀតថា ព្រោះតែហេតុយ៉ាងដូច្នេះហើយ បានជាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចកំណត់យក ឆ្នាំ២០២០នេះ ជាឆ្នាំបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ជាងបណ្ដាឆ្នាំណាៗទាំងអស់ ដែលវិធានការនេះមិនមែនជាការដាក់បន្ទុក លើប្រជាពលរដ្ឋនៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩នោះទេ ប៉ុន្តែគឺដើម្បីសេចក្ដីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
នៅពេលប្រកាសដាក់ចេញវិធានការនេះ សម្ដេចបានបន្ថែមទៀតថា មានទស្សនៈមួយចំនួនបានលើកឡើងថា វិធានការនេះ គឺជាវិធានការត្រួតពិនិត្យ រដ្ឋបាលទៅវិញ។ សម្ដេចបានផ្ដល់ការពន្យល់ជូន ទៅវិញថាការពិត គឺមិនដូច្នេះទេ ហើយក៏មិនមែនមានន័យថា ក្រសួងមហាផ្ទៃ អគ្គស្នងការ ឬអង្គភាពនគរបាលចរាចរណ៍ដែលដឹកនាំ និងអ្នកអនុវត្តច្បាប់ចង់បានប្រាក់ពីប្រពលរដ្ឋនោះទេ ។ ផ្ទុយទៅវិញនេះ គឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិភាពជូនពលរដ្ឋទៅវិញទេ។
សម្ដេចបានរំលឹកថាកន្លងមក របបខ្មែរក្រហមបានផ្ដល់មេរៀនច្បាស់ហើយថា នយោបាយដឹកនាំដែលមិនត្រូវសេចក្ដីត្រូវការប្រជាពលរដ្ឋ បានបង្កើតវិនាសកម្មដល់ជាតិ ហើយមិនយូរប៉ុន្មានរបបនោះបានដួលរលំ៕