(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឲ្យគ្រប់គ្រឹះស្ថានបន្តការបណ្តុះបណ្តាលពីចម្ងាយតាមរយៈមធ្យោបាយផ្សេងៗ ដែលគ្រឹះស្ថានស្វែងរកបាន ដើម្បីបន្តនិរន្តភាពនៃការបណ្តុះបណ្តាល នៃគ្រឹះស្ថានរបស់ខ្លួន។
ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំជាមួយរដ្ឋាភិបាលកម្ពុជា ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង AUF កំពុងរិះរកមធ្យោបាយផ្សេងៗដើម្បីជាជំនួយដល់គ្រឹះស្ថានជាសមាជិករបស់ខ្លួន ដែលសុទ្ធតែជាគ្រឹះស្ថានអប់រំរបស់រដ្ឋ។ ក្នុងន័យនេះ កិច្ចប្រជុំពិភាក្សាតាមអ៊ីនធឺណេតផ្តោតលើប្រធានបទ «វិធានការណ៍អនុវត្តផ្សេងៗរបស់សាកលវិទ្យាល័យក្នុងអំឡុងពេលវិបត្តិសុខភាព Covid-19 » ត្រូវបានរៀបចំឡើងនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ក្នុងគោលបំណងស្វែងយល់អំពីមធ្យោបាយដែលគ្រឹះស្ថានទាំងនោះកំពុងប្រើប្រាស់ ការលំបាកផ្សេងៗ សំណូមពរនានា ក៏ដូចជាអភិបាលកិច្ចសាកលវិទ្យាល័យក្នុងអំឡុងពេលមានវិបត្តិកូវីតផងដែរ។
តំណាងគ្រឹះស្ថានឧត្តមសិក្សារដ្ឋ តំណាងក្រសួងអប់រំយុវជននិងកីឡា ក្រសួងការបរទេស និងវិទ្យាស្ថានការទូតទំនាក់ទំនងនិងសហប្រតិបត្តិការអន្តរជាតិ ប្រមាណជាង ២០នាក់បានចូលរួម ក្នងកិច្ចពិភាក្សានេះ។
ថ្លែងក្នុងពិធីបើកកិច្ចពិគ្រោះយោបល់នេះ នាយិកាតំបន់អាស៊ីប៉ាស៊ីហ្វិក AUF លោកស្រី Ouidad TEBBAA បានលើកឡើងថា ប្រទេសកម្ពុជាធ្លាប់មានការលំបាកយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែនៅអាចចាកផុត ពីការលំបាកទាំងនោះបានដោយជោគជ័យ។ ហេតុដូច្នេះហើយក្នុងពេលនេះយើងត្រូវការស្វែងយល់ពីគ្នាទាំងការលំបាក បញ្ហាប្រឈមនានា និងតម្រូវការ ហើយយើងអាចធ្វើការជាមួយគ្នា រកវិធីដោះស្រាយរូមគ្នាដើម្បីបន្តការបណ្តុះបណ្តាលពីចម្ងាយក្នុងពេលមានវិបត្តិនេះ។ វាជាពេលវេលាមួយដែលយើងទាញយកបទពិសោធន៍ពីវិបត្តិនេះ និងអាចឲ្យយើងចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងការបណ្តុះបណ្តាលតាមប្រព័ន្ធឌីជីថលពីចម្ងាយដែល AUF បានធ្វើការងារនេះជាង ២០ឆ្នាំមកហើយ។ លោកស្រីបានអះអាងថា AUF ដើរតួនាទីក្នុងការចែករំលែកព្រោះ AUF ជាបណ្តាញដ៏ធំនៅលើពិភពលោក។
ការពិភាក្សានេះរៀបចំឡើងស្របតាម «ផែនការពិសេសរបស់ AUF ក្នុងអំឡុងពេលរោគរាតត្បាត Covid-19» ដែល AUF បានផ្ញើជូនសាកលវិទ្យាល័យជាសមាជិករបស់ខ្លួន។ ក្នុងរបៀបវិរៈ នៃកិច្ចពិភាក្សាតាមអនឡាញនេះ បានលើកឡើងនូវចំណុចគោលៗសំខាន់ជាច្រើនរួមមាន៖
*ការបន្តការបណ្តុះបណ្តាលក្នុងអំឡុងពេលរាតត្បាតកូវីដ១៩៖ ការសិក្សាពីចម្ងាយ វិធីសាស្ត្រ លក្ខខណ្ឌ និងការធានាគុណភាព
*ការបន្តការបណ្តុះបណ្តាលថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងការស្រាវជ្រាវក្នុងអំឡុងពេលមានវិបត្តិសុខភាព៖ ការតម្លើងបន្ទប់ពិសោធន៍ ការស្រាវជ្រាវ ការបម្លាស់ទីនៃការស្រាវជ្រាវ របស់និស្សិត និងការប្រើប្រាស់វិធីសាស្ត្រវិទ្យាសាស្ត្រ និងមធ្យោបាយធានាគុណភាពនៃការបណ្តុះបណ្តាលនិងការស្រាវជ្រាវ។
*ការបន្តអភិបាលកិច្ចសាកលវិទ្យាល័យក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩ មធ្យោបាយប្រើប្រាស់ដើម្បីធានាគុណភាពអភិបាលកិច្ច និងការលំបាកដែលជួបប្រទះ។
*ទស្សនៈវិស័យ និងគម្រោងអនាគតដើម្បីឆ្លើយតបតម្រូវការចាំបាច់ក្នុងការបណ្តុះបណ្តាល-ស្រាវជ្រាវ និងការបង្ការដល់និរន្តរភាពក្នុងពេលមានវិបត្តិថ្មីៗជាយថាហេតុ៖ មធ្យោបាយប្រើប្រាស់ ដើម្បីធានាការបណ្តុះបណ្តាល អភិបាលកិច្ច និងការធានាគុណភាព។
ឆ្លងតាមកិច្ចពិភាក្សាអស់រយៈពេលជាច្រើនម៉ោង បានឲ្យដឹងថា គ្រឹះស្ថាននិមួយៗបានខិតខំបន្តការបណ្តុះបណ្តាលតាមមធ្យោបាយនិងឧបករណ៏រៀងៗខ្លួន ជួបបញ្ហាគ្រប់គ្រងនិសិ្សតនៅតាម បណ្តាខេត្ត ឆ្ងាយពីទីប្រជុំជន កង្វះប្រព័ន្ធអ៊ីនធឺណែត ការចូលរួមសកម្មរបស់និស្សិត និងជាពិសេសបញ្ហាប្រឈមក្នុងការរៀបចំការប្រឡង និងការធានាគុណភាពលើការបណ្តុះបណ្តាលជាដើម។ល។
ជាចុងក្រោយ AUF ក៏បានលើកទឹកចិត្តសមាជិកទាំងអស់អោយស្នើឡើងនូវគម្រោងនានាសំរាប់និស្សិត អ្នកស្រាវជ្រាវ និងគម្រោងសហការណ៏រវាងសាកលវិទ្យាល័យ ដែលគាំទ្រដោយ AUF លើប្រធានបទផ្សេងៗដូចជា ការបង្កើតរ៉ូបូ ម៉ាស៊ីនដកដង្ហើម ការបង្កើតឧបករណ៏ផ្សេងៗ។ល។ លើគ្រប់វិស័យ ដើម្បីរួមចំណែកដល់ការបម្រើសង្គមក្នុងពេលជួបវិបត្តិ។
ការបណ្តុះបណ្តាលបន្តបន្ទាប់តាមអនឡាញសំរាប់សាស្ត្រាចារ្យនិងគ្រូឧទ្ទេសន៍ដើម្បីផ្តល់មធ្យោបាយគរុកោសល្យនិងបច្ចេកទេសតាមអនឡាញនឹងរៀបចំឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ។ ហេតុដូច្នេះហើយ ត្រូវការការចូលរួមយ៉ាងសកម្មពីគ្រប់គ្រឹះស្ថានឧត្តមសិក្សាទាំងឡាយ ដើម្បីធ្វើយ៉ាងណាអោយទទួលបានលទ្ធផលនៃការបណ្តុះបណ្តាលកាន់តែប្រសើរ៕