(ស្ទឹងត្រែង)៖ គួរឲ្យអាសូរយ៉ាងពន់ពេក ដល់គូស្វាមីភរិយា២នាក់ ដែលទើប តែរៀបការបាន៤ថ្ងៃ ប៉ុន្តែឆាកជីវិតរបស់ពួកគេ មិនអាចរស់នៅដល់ចាស់កោងខ្នង ក៏បានលាចាកលោកទាំងក្តីអាល័យទៅវិញ ដោយសារឃាតកលើដងផ្លូវ។
នេះដូចជាវាសនាបានកំណត់ទៅហើយថា កើតមកនៅថ្ងៃខែឆ្នាំខុសគ្នា តែបានស្លាប់នៅម៉ោងជាមួយគ្នាត្រឹមមួយប៉ព្រិចភ្នែក តែប៉ុណ្ណោះ។ នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ ជនរងគ្រោះ២ នាក់ ប្តីប្រពន្ធ ដែលទើបតែរៀបការបាន៤ថ្ងៃនោះ បានជួបគ្រោះថ្នាក់ចរាចរបើកម៉ូតូទៅបុកគោយន្ត ស្លាប់ទាំង២នាក់គួរឲ្យអាសូរ ស្ថិតនៅត្រង់ផ្លូវបំបែកចេញពីអូរពងមាន់ ទៅទីរួមខេត្តមណ្ឌលគីរី ប្រមាណជាង១គីឡូម៉ែត្រ។
ប្រជាពលរដ្ឋនៅកន្លែង កើតហេតុបានប្រាប់ថា ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ ក្រោយពីរៀបការហើយ បាន៤ថ្ងៃ ក៏ចេញទៅប្រកបរបររកស៊ីជាអ្នកទិញដំឡូងមី លុះដល់ពេលឈប់ ក្រោយពេលទិញរួច ក៏ត្រឡប់មកផ្ទះវិញ ។
ប៉ុន្តែពេលជិះមកដល់ចំណុច កើតហេតុ ត្រង់ផ្លូវបំបែកក៏មានគោយន្ត២គ្រឿង ដឹកឈើបានឈប់សាង ឈើឲ្យគ្នា ដោយពុំមានដាក់សញ្ញាសំគាល់អ្វីនោះទេ ធ្វើឲ្យជនរងគ្រោះជាប្តី បានបើកម៉ូតូមកដល់ក៏បុកពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់ទាំងពីរនាក់ ភ្លាមៗតែម្តង។ ជនរងគ្រោះដែលស្លាប់ទាំងពីរនេះ រស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកជួយអន្តរាគមន៍ និងប្រគល់សពជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕