(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសយកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ស្អែកនេះ ក្នុងការរឹតបន្តឹងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកដោយមានការផាកពិន័យទឹកប្រាក់ច្រើនចំពោះអ្នកល្មើស និងបំពានច្បាប់ចរាចរណ៍ផ្លូវគោក។
ឆ្នាំ២០២០ ត្រូវបានរាជរដ្ឋាភិបាលយកជាឆ្នាំប្រកាសអាសន្នសម្រាប់គ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីបានពិនិត្យឃើញអត្រាគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងច្រើន និងបង្កហានិភ័យខ្ពស់ចំពោះសង្គម និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ដើម្បីដាក់កំហិតឱ្យប្រជាពលរដ្ឋអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនទៅតាមច្បាប់ចរាចរណ៍ដែលមានជាធរមាននៅកម្ពុជានោះ រាជរដ្ឋាភិបាល ក៏បានសម្រេចកែប្រែអនុក្រឹត្យស្តីពីកម្រិតផាកពិន័យលើអ្នកល្មើស ឬប្រព្រឹត្តខុសច្បាប់ចរាចរណ៍នេះផងដែរ។
អនុក្រឹត្យថ្មីស្តីពីការផាកពិន័យចំពោះអ្នកប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ ដែលបានបង្កើតឡើងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានកំណត់ឱ្យមានការផាកពិន័យទឹកប្រាក់ច្រើនជាងអនុក្រឹត្យចាស់រហូតដល់ទៅទ្វេដង និងត្រង់ប្រកាសខ្លះលើសពី៣ ទៅ៥ដងក៏មាន។
ច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ២០១៥ តែស្មារតីនៃការគោរពច្បាប់នេះហាក់នៅមានកម្រិតនៅឡើយសម្រាប់អ្នកប្រើប្រាស់យានយន្ត។ ប៉ុន្តែក្រោយពេលប្រកាសពីកាលបរិច្ឆេទអនុវត្តន៍តឹងរឹងចំពោះច្បាប់ចរាចរណ៍ផ្លូវគោក គេបានសង្កេតឃើញថា ប្រជាពលរដ្ឋជាច្រើន បានភ្ញាក់រលឹកក្នុងការទៅបំពេញលក្ខខណ្ឌនានារបស់យានយន្ត និងការបើកបរឱ្យស្របទៅច្បាប់។
កន្លែងផ្តល់សេវាចំនួនពីររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គឺកន្លែងសេវាកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬហៅដោយសាមញ្ញថា «ឆៀក» និងកន្លែងផ្តល់សេវាប្តូរ ឬពន្យារបណ្ណបើកបរមានសភាពមមាញឹករហូតដល់កកស្ទះរយៈពេលប្រមាណមួយសប្តាហ៍មកហើយ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះថា ក្នុងរយៈពេលមួយសប្តាហ៍ហើយ ដែលកន្លែងផ្តល់សេវាកម្មត្រួតពិនិត្យបច្ចេកទេសយានយន្តទាំង៥ក្នុងរាជធានីភ្នំពេញ និងកន្លែងផ្តល់សេវាប្តូរ និងពន្យារបណ្ណបើកបរទាំងពីរនៅផ្សារទំនើបអ៉ីអន មានសភាពមមាញឹកខ្លាំង។
លោក ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងថា មានម្ចាស់យានយន្តខ្លះបានយករថយន្តមករង់ចាំត្រួតពិនិត្យលក្ខណៈបច្ចេកទេសតាំងពីម៉ោង៣ទៀបភ្លឺក៏មាន។
អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ម្សិលមិញ ការផ្តល់សេវាពាក់ព័ន្ធការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ប្តូរបណ្ណបើកបរ និងសេវាផ្សេងៗទៀតមានជិត ១ម៉ឺនករណី។ ក្នុងនោះការប្តូរ ឬពន្យារបណ្ណបើកបរមានប្រមាណ ១២០០ករណី, ឆៀក ៣,៨០០ករណី ក្រៅពីនោះ មានសេវាចុះបញ្ជី និងការផ្ទេរកម្មសិទ្ធជាដើម។
ក្នុងអនុក្រឹត្យថ្មីស្តីពីការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ បានកំណត់ថា អ្នកបើកបររថយន្តមិនមានបណ្ណបើកបរ ឬក្នុងរយៈពេលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ត្រូវពិន័យទឹកប្រាក់ ១លាន ពីរសែនរៀល សម្រាប់យានយន្តធុនស្រាល និងពិន័យទឹកប្រាក់ ២លាន ៤សែនរៀល សម្រាប់យានយន្តធុនធ្ងន់។
សម្រាប់អ្នកបើកបរដោយគ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេទេសយាន ឬប្រើវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈហួសសុពលភាព ត្រូវពិន័យទឹកប្រាក់ចំនួន ១៨ម៉ឺនរៀល សម្រាប់យានយន្តធុនស្រាល និងពិន័យទឹកប្រាក់ ៣៧ម៉ឺន ៥ពាន់រៀល សម្រាប់យានយន្តធុនធ្ងន់៕