(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ រួមនឹងការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសហការចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅចំណុចមុខសាលាបឋមសិក្សា ហ៊ុន សែន សូភី ស្ថិតនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ក្នុងការចុះអប់រំ និងផ្សព្វផ្សាយច្បាប់ថ្មីនេះ ក៏មានការចូលរួមពីសំណាក់ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តផងដែរ។
ក្នុងឱកាសនោះ លោក អ៊ុ រាត្រី អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាជន ដែលធ្វើដំណើរតាមដងផ្លូវ សូមចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះទាំងអស់គ្នា ដើម្បីសុវត្ថិភាពរបស់ បងប្អូននៅពេលធ្វើដំណើរតាមដងផ្លូវ។ ជាមួយគ្នានោះ លោកក៏បានចែកមួក ដល់បងប្អូនដែលធ្វើដំណើរ រួមនិងមានការចែកខិតប័ណ្ណ ផ្សព្វផ្សាយពីការអនុវត្តច្បាប់ចរាចណ៍ថ្មីផងដែរ៕