(បន្ទាយមានជ័យ)៖ ជនរងគ្រោះម្នាក់ជាមនុស្សគរ ត្រូវបានអ្នកស្គាល់គ្នាដែលធ្វើការជាមួយ បបួលផឹកស៊ីឲ្យស្រវឹង រួចក៏ធ្វើសកម្មភាពប្លន់សម្លាប់យកម៉ូតូ និងខ្សែរក ហើយកាន់តែសាហាវជាងនេះទៀត ជនល្មើស ក៏បានគាស់យកធ្មេញមាសរបស់ជនរងគ្រោះទៀតផង។ តែអំពើឃាតកម្មដ៏ព្រៃផ្សៃនេះ ត្រូវបានកម្លាំងនគរបាល បើកប្រតិបត្តិការតាមចាប់ជនល្មើសចំនួន ៥នាក់ (ស្រីម្នាក់)ភ្លាមៗផងដែរ។
ហេតុការណ៍ដ៏សាហាវនេះ បានកើតឡើងក្នុងខ្ទោមមួយកន្លែង នៅកណ្ដាលវាល ក្នុងភូមិអូរតាគល់ ឃុំឬស្សីស្រុក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ដបន្ទាយមានជ័យ ដែលបានដឹកនាំកម្លាំងនគរបាលតាមបង្ក្រាបក្រុមជនដៃដល់ បានប្រាប់មកអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះថា ជនរងគ្រោះ ជាមនុស្សគរ រស់នៅភូមិអូអាកុល ឃុំឬស្សីស្រុក ស្រុកមង្គលបុរី ខណៈដែលជនល្មើសទាំង ៥នាក់នោះ រស់នៅភូមិឃុំជាមួយគ្នា។
តាមដំណើររឿង ជនល្មើសទាំង៥នាក់នេះ បានបបួលលួងលួម ជនរងគ្រោះផឹកស្រាសរ នៅក្នុងខ្ទោមមួយកន្លែង កណ្ដាលវាល ក្នុងភូមិអូតាគល់ ឃុំឬស្សីកុក ស្រុកមង្គលបុរី នៅពេលនោះ ជនល្មើសទាំង៥នាក់ ក៏មានគំនិតបបួលឲ្យជនរងគ្រោះ ផឹកស្រវឹងកាន់តែខ្លាំង។
បន្ទាប់មកពួកគេ ក៏ចេញពីទីតាំងខាងលើ មកស្ពានមួយកន្លែង នៅក្នុងផ្លូវទៅខេត្ដសៀមរាប ក៏បន្ដឲ្យជនរងគ្រោះផឹកស្រវឹងឲ្យកាន់តែខ្លាំង ពេលនោះជនល្មើសក៏ចាប់ផ្ដើមធ្វើសកម្មភាព យកដំបងវាយ និងយកខ្សែក្រវ៉ាក់រឹតកករ ហើយចាប់ជនរងគ្រោះ ជ្រមុជចូលទឹកប្រឡាយ។
នៅពេលនោះ ជនល្មើសជ្រមុជជនរងគ្រោះរហូតដល់ស្លាប់ ហើយជនល្មើស ក៏បានវាយយកធ្មេញមាស របស់ជនរងគ្រោះទៀតផង។
បន្ទាប់មកទៀត ជនល្មើសទាំង៥នាក់ ក៏រៀបចំដឹកសាកសពជនរងគ្រោះតាមម៉ូតូ ដោយជិះម៉ូតូមួយ៤នាក់ (ជនល្មើស៣នាក់ និងជនរងគ្រោះ) យកសាកសពទៅចោល នៅប្រឡាយមួយកន្លែង នៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ្ឌ នៅផ្លូវជាតិ៥៦។
ជនល្មើស ក៏បន្ដសកម្មភាព គេចពីស្រុកមង្គលបុរី ឆ្ពោះទៅលាក់ខ្លួនទីតាំងរបស់ស្រ្ដីម្នាក់ ដែលជាប្រពន្ធរបស់ជនល្មើស ក្នុងចំណោមជនល្មើស៤នាក់ នៅភូមិកំរែក ឃុំស្វាយសរ ស្រុកបរិបូរណ៍ ខេត្តកំពុងឆ្នាំង។ ទើបត្រូវកម្លាំងសមត្ថកិច្ចខេត្ត ដឹកនាំដោយឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ដ ចុះបង្ក្រាបបាន។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវីធី៕