(កំពង់ឆ្នាំង)៖ នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង លោក សោម ភីរុណ បានចេញមកច្រានចោល និងបដិសេធចោលទាំងស្រុង ចំពោះ ព័ត៌មាន និងការលើកឡើងមួយចំនួនថា លោកបានទទួលផលប្រយោជន៍ ពីក្រុមឈ្មួញបទល្មើសនេសាទ តែផ្ទុយទៅវិញ មានតែការដាក់ផែនការ និង ពង្រឹងការងារ កាន់តែខ្លាំងឡើង លើការបង្ក្រាបបទល្មើសទាំងនេះទៅវិញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី អភិបាលខេត្តកំពង់ឆ្នាំង។
ជាមួយគ្នានេះ នាយខណ្ឌរដ្ឋបាល ជលផលរូបនេះ បានសង្កត់ធ្ងន់ថា ចំពោះបទល្មើសនេសាទ សូម្បីតែមួយសេនក៏លោកមិនបានទទួលដែរ ហើយប្រកាសទទួលខុសត្រូវចំពោះមុខច្បាប់បើសិនរកឃើញនោះ។
ការចេញមកបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទ ប្រកាន់ខាងលើនេះ បានធ្វើឡើងក្រោយពី មានសេចក្តីរាយការណ៍ មួយចំនួនលើកឡើងថា លោក សោម ភីរុណ បានទទួលលុយ ប្រមាណ៤០ម៉ឺនរៀល សម្រាប់ការហ៊ុំសម្រាស់ មួយគុម្ពៗ ដើម្បីចាប់ត្រី និងឆក់ត្រី នៅលើទន្លេសាប។
លោក សោម ភីរុណ នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះថា «ខ្ញុំមិនដែលទទួលលុយសូម្បីតែមួយសេន ពីបទល្មើសនេសាទទាំងនេះ ហើយសូមច្រានចោល ទាំងស្រុងចំពោះការ មូលបង្កាច់ខុសពីការពិតបែបនេះ។ នាយខណ្ឌរដ្ឋបាលជលផលរូបនេះ ក៏ហានបង្ហាញការទទួលខុសត្រូវ តាមផ្លូវច្បាប់ទៀតផង បើសិនជាថ្នាក់លើ រកឃើញថា លោកជាប់ពាក់ព័ន្ធ នឹងលុយខ្មៅ ឫលុយក្រោមតុ ជាមួយឈ្មួញ នេសាទទាំងនេះ»។
សម្រាប់បទល្មើសនេសាទទាំងនេះ លោក សោម ភីរុណ បានទទួលស្គាល់ថា កន្លែងខ្លះនៅបន្តកើតមានតែបញ្ហានេះ កម្លាំងរដ្ឋបាល ជលផលទាំងអស់ បានសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ រហូតដល់សហគមន៍ និងប្រជាការពារ បាននិងកំពុងពង្រឹង ពង្រីកការងារកាន់តែខ្លាំងឡើង លើការចុះទៅបង្ក្រាបជាបន្តបន្ទាប់ហើយ។
បើតាមលោក សោម ភីរុណ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ អភិបាលរងខេត្តកំពង់ឆ្នាំងម្នាក់ នឹងដឹកនាំកិច្ចប្រជុំ ដើម្បីដាក់ផែនការបន្ថែម លើការចុះទៅបង្ក្រាបបទល្មើសនេសាទ នៅតាមគោលដៅក្នុងខេត្ត ដូចអ្វី ដែលបានធ្វើកន្លងមក។
សូមបញ្ជាក់ថា មានព័ត៌មានថា សម្រាស់ហ៊ុំចាប់ត្រី និងដើម្បីឆក់ត្រី បាននឹងកំពុងកើត មានឡើងនៅចំណុចសណ្តាន់ស្តីបន្លិច ប៉ប្រកពាមបាលូង និងភូមិគ្រួស ទល់មុខកោះបូរ ជាពិសេស តំបន់សំរោងសែន និងតំបន់អភិរក្ស បឹងផ្សោត អតីតឡូតិ៍លេខ១០ ខេត្តកំពង់ឆ្នាំង ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានសមត្ថកិច្ច និងមន្រ្តីជំនាញខាងណា ចុះទៅបង្ក្រាបនោះឡើយ។
ជាមួយគ្នានេះផលប្រយោជន៍ទាំងនេះ ក៏ត្រូវបានគេទម្លាយឲ្យដឹងថា លោក សោម ភីរុណ នាយខណ្ឌរដ្ឋបាលជលផល ក៏ទទួលបានច្រើន ជាងគេផងដែរ។ ក្រុមអ្នកហ៊ុំសម្រាស់បានលួចប្រាប់អង្គភាព Fresh News ថា ក្នុងមួយគុម្ព ឬហ៊ុំម្តងៗ បង់ឲ្យសង្កាត់១គុម្ពៗ១៥ម៉ឺនរៀល ផ្នែក១៥ម៉ឺនរៀល រីឯលោកនាយខណ្ឌ៤០ម៉ឺនរៀល ដែលថវិកាទាំងនេះត្រូវ បានអ្នករត់ការ យកទៅដង្វាយដល់កន្លែងតែម្តង ដែលត្រូវនាយខណ្ឌរដ្ឋបាល ជលផលបានចេញ មកបដិសេធភ្លាមៗនោះ៕