(សៀមរាប)៖ លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោកស្រី សុខ ណារ៉ូ ពៅហេង បានដឹកនាំក្រុមការងារ ទៅសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងដោយរន្ទះ ចំនួន៣៣គ្រួសារ នៅស្រុកវ៉ារិន និងស្រុកស្វាយលើ។
គឺមកពីឃុំវ៉ារិន ចំនួន ៨គ្រួសារ (រលំផ្ទះ ១ខ្នង, របើកដំបូល ១៤ខ្នង, និងរន្ទះបាញ់ស្លាប់ម្នាក់)។ និងមកពីឃុំល្វាក្រាំង ចំនួន ៦គ្រួសារ (របើកដំបូល ៦ខ្នង) ក្នុងនោះមកពីឃុំស្វាយស ចំនួន ១គ្រួសារ (របើកដំបូល ១ខ្នង)។
ពិធីនេះ បានធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ និង២៩ ខែមេសា ឆ្នាំ២០២០ អំណោយដែលនាំប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង ៣៣គ្រួសារ គឺមកពីឃុំវ៉ារិន ចំនួន ៨គ្រួសារ (រលំផ្ទះ ១ខ្នង, របើកដំបូល ១៤ខ្នង, និងរន្ទះបាញ់ស្លាប់ម្នាក់)។ និងមកពីឃុំល្វាក្រាំង ចំនួន ៦គ្រួសារ (របើកដំបូល ៦ខ្នង) ក្នុងនោះមកពីឃុំស្វាយស ចំនួន ១គ្រួសារ (របើកដំបូល ១ខ្នង) និងនៅឃុំកន្ទួត ស្រុកស្វាយលើ ចំនួន ១៧គ្រួសារ (រលំ៦ខ្នង និងរបើកដំបូល១១ខ្នង)។
នាឱកាសនោះដែរ លោកស្រីទាំងពីរ បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់ គិតគូរ ចំពោះ សុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ពួកគាត់បានសម្ដែងនូវការសោកស្ដាយ ចំពោះ ការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ រហូតដល់មានការបាត់បង់អាយុជីវិត សមាជិកគ្រួសារទៀត ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ។
លោកស្រីទាំងពីរ បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូន បងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែអាចជួយសម្រាលទុក្ខបាក របស់បងប្អូនបានមួយកម្រិត ហើយជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះ ប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ក្នុងឱកាសនេះ ប្រតិភូកាកបាទក្រហម ក៏បានអំពាវនាវ សុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួន ពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយកុំមានការប្រមូលផ្ដុំ ជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា និងវិធាននានារបស់ក្រសួងសុខភិបាល។
ជាមួយគ្នានេះ ក្រុមប្រតិបត្តិសាខា ក៏ធ្វើការផ្សព្វផ្សាយ និងចែកខិត្តបណ្ណ ដែលទទួលបានពីទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា ស្ដីពី «របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជម្ងឺកូវីដ១៩» និង «វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩»។
អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន មានដូចជា៖ ក្នុងមួយគ្រួសារ ទទួលបាន មុង១, ភួយ១, សារុង១, ក្រមា១, កន្ទេល១, អាវយឺត២, ស័ង្កសី ១៦សន្លឹក, មី១កេស, ត្រីខ១យួរ, និងអង្ករ ៣០គីឡូក្រាម។ ចំពោះថវិកា បានប្រគល់ជូនក្រុមគ្រួសារដែលមានផ្ទះរលំ ចំនួន ២០ម៉ឺនរៀល, គ្រួសារដែលខ្យល់កន្ត្រាក់ធ្វើឱ្យរបើកដំបូល ទទួលាបានថវិកា ១សែនរៀល, និងគ្រួសារដែលមានសមាជិក ត្រូវបានរន្ទះបាញ់ស្លាប់ គឺទទួលបានថវិកា ចំនួន ១លានរៀល។
នៅក្នុងដំណើរឱកាសនោះ ផងដែរ អនុប្រធានគណៈកម្មាធិការសាខា បានប្រគេនទេយ្យវត្ថុមួយចំនួន ដល់វត្តអង្គសិរីសែនជ័យ នៅឃុំកន្ទួត ស្រុកស្វាយលើ នូវអង្ករ ៦០គីឡូក្រាម, មី២កេស, ត្រីខ២យួរ, និងបច្ច័យមួយចំនួន។
ក្នុងពីរថ្ងៃនេះ ផងដែរ សាខាកាកបាទក្រហម ខេត្តសៀមរាប បានដឹកនាំអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា សង្កាត់ក្របីរៀល ចំនួន ១៥នាក់ ចុះផ្សព្វផ្សាយពីវិធានការបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ ចំនួន ៤ភូមិ មានភូមិតារស់ ភូមិរការ ភូមិទទា និងភូមិត្រពាំងវែង។ ការផ្សព្វផ្សាយនេះ ដោយប្រើបដារូបភាព និងប្រើឧគ្ឃោសនាស័ព្ទចល័ត ចាក់ផ្សាយសារណែនាំពីវិធានការបង្ការ ជម្ងឺកូវីដ១៩ ដែលរៀបចំដោយក្រសួងសុខាភិបាល ហើយអ្នកស្ម័គ្រចិត្តបានធ្វើការអប់រំតាមខ្នងផ្ទះ ប្រជាពលរដ្ឋដោយប្រើប្រាស់រូបភាពតូចៗ (Leaflets) និងបិទរូបភាពធំ (Poster) តាមដងផ្លូវសាធារណៈ ផងដែរ៕