(ភ្នំពេញ)៖ តបតាមការអំពាវនាវ នាពេលកន្លងមករបស់លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា បរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជា, ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារទូទាំងប្រទេស ចំនួន២,០៥៩នាក់ ដែលជាសមាជិគាំទ្រ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានរួមគ្នាបរិច្ចាគប្រចាំឆ្នាំ២០១៩ ដែលជាឆ្នាំទី២ នូវថវិកាសរុបចំនួន១៣៤,៨៤៣,០០០រៀល និង២,៥២៥ដុល្លារអាមេរិក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
ការបន្តចូលរួមបរិច្ចាគប្រចាំឆ្នាំ ជាសមាជិកគាំទ្ររបស់មូលនិធិគន្ធបុប្ផាកម្ពុជានេះ ជាកាយវិការគួរឲ្យគោរព និងកោតសរសើរ ទោះបីជាក្នុងស្ថានភាព ដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងតែមមារញឹកក្នុងការប្រយុទ្ធនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ក៏ដោយ ក៏ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋាន ពន្ធដារ និងសាខាពន្ធដារទូទាំងប្រទេស មិនបោះបង់កុមារកម្ពុជាចោលឡើយ ពោលគឺពួកគាត់នៅតែបន្តបរិច្ចាគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពកុមារ រាប់លាននាក់នៅកម្ពុជា ក្នុងស្មារតីជួយគ្នាទៅវិញទៅមក ជាពិសេសគឺទឹកចិត្តខ្មែរជួយខ្មែរ ដើម្បីស្នាមញញឹមរបស់កុមារនៅកម្ពុជា។
ជំនួសឲ្យអាណាព្យាបាលកុមារនៅកម្ពុជា និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យគន្ធបុប្ផា, មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះទឹកចិត្ត សប្បុរសធម៌របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារទូទាំងប្រទេស ដែលតែងតែបានរួមគ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីទ្រទ្រង់ផ្នែកហិរញ្ញវត្ថុក្នុងការចូលរួមធានា ឲ្យបាននូវនីរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដោយឈរលើទស្សន «ខ្មែរជួយខ្មែរ»។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ក៏ដូចជាសាធារណជន ឲ្យចូលរួមបរិច្ចាគ និងចូលជាសមាជិកណាមួយ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលរួមមាន ១៖ សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០,០០០ ០០០រៀល ឬ៥,០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ និង ២៖ សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥,០០០រៀល ក្នុងមួយខែ ឬ៦០,០០០រៀល ក្នុងមួយឆ្នាំ ដើម្បីភាពញញឹមរបស់កុមារ ក្រោមដំបូលសន្តិភាព៕