(ភ្នំពេញ)៖ នៅក្នុងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យថ្មីពាក់ព័ន្ធនឹងការរឹងបន្តឹងលើច្បាប់ចរាចរណ៍ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ស្អែកនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងរឹតបន្តឹងតែបទល្មើសចរាចរណ៍ដែលបង្កគ្រោះថ្នាក់ខ្ពស់ និងមិនមានការដាក់បារ៉ាស់ឃាត់គ្រប់យានយន្តនោះឡើយ។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងចាប់ផ្តើមត្រួតពិនិត្យនេះ គឺយើងផ្តោតយានយន្ត ឬសកម្មភាព ឬករណីណាដែលល្មើសនឹងច្បាប់ចរាចរណ៍ហើយ ដែលមានឥទ្ធិពលបង្កគ្រោះថ្នាក់ខ្ពស់ បានន័យថា យើងមិនដាក់កុងត្រូល យើងមិនដាក់ប៉ារ៉ាស់ឃាត់គ្រប់យានយន្ត តាមបែបរដ្ឋបាលទេ»។

លោកបន្តថា ករណីនោះដូចជា មិនពាក់មួកសុវត្ថិភាព​ មិនគោរពភ្លើងសញ្ញាចរាចរណ៍ បទល្មើសក្នុងការបត់ការជែង ការដឹកលើសចំណុះ ពិសេសបើកបរក្នុងស្ថានភាពស្រវឹង ហើយបន្ថែមពីនេះ បទល្មើសប្រើប្រាស់យានយន្តគ្មានស្លាកលេខ ពាក់ព័ន្ធនឹងល្បឿន អ្នកបើកបរអត់បណ្ណបើកបរ អត់ពាក់ខ្សែក្រវ៉ាត់ និងប្រើប្រាស់ទូរស័ព្ទពេលបើកបរ ប៉ុន្តែយើងលើកលែងបើសិនជាគាត់ប្រើកាស។

តាមអនុក្រឹត្យថ្មី ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានបង្កើនការផាកពិន័យលើបទល្មើសមួយចំនួន នៃចរាចរណ៍ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ អនុក្រឹត្យនេះបានទុករយៈពេល១ខែ ទើបអនុវត្ត ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹង។

អនុក្រឹត្យថ្មីស្តីពីការផាកពិន័យក្នុងអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកបានកំណត់ថា៖

* សម្រាប់អ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់៤៖

១៖ ពិន័យទឹកប្រាក់ចំនួន ៦ម៉ឺនរៀល ចំពោះអ្នកបើកបរ និងរួមដំណើរ ព្រមទាំងកុមារមានអាយុចាប់ពី៣ឆ្នាំឡើងទៅ មិនពាក់មួកសុវត្ថិភាព ឬពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវតាមស្តងដារជាតិ ឬពាក់មួកសុវត្ថិភាពដោយមិនដាក់គន្លឹះខ្សែសុវត្ថិភាព។

២៖ ពិន័យទឹកប្រាក់៨ម៉ឺនរៀល ចំពោះអ្នកបើកបរ ប្រើទូរស័ព្ទនៅពេលបើកបរដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។

៣៖ ពិន័យទឹកប្រាក់ ១០ម៉ឺនរៀល ចំពោះអ្នកបើកបរបង្ហោះ រេចុះរេឡើង ឆាបឬគៀរ, បើកបរអូសជន្ទល់លើផ្លូវថ្នល់ ឬព្រលែងចង្កូត ឬលើកជើងដាក់លើដៃចង្កូត, បើកបរបញ្ចេញសម្លែងម៉ាស៉ីនខ្លាំង ឬផ្សែងច្រើនខុសពីបទដ្ឋានបច្ចេកទេ។

៤៖ ពិន័យទឹកប្រាក់ ១២ម៉ឺនរៀល ចំពោះអ្នកបើកបរ ដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ឬហួសសុពលភាព, បើកបរដោយគ្មានបណ្ណសម្គាល់ ឬផ្លាកលេខ, បើកបរដោយមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានតាមច្បាប់កំណត់។

៥៖ ពិន័យទឹកប្រាក់ ១៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលប្រណាំងគ្នាដោយគ្មានការអនុញ្ញាតលើផ្លូវសម្រាប់ធ្វើចរាចរណ៍ជាសាធារណៈ។

៦៖ ត្រូវពិន័យចំនួនទឹកទឹកប្រាក់ ២៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលស្ថិតក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.២៥ ទៅ ០.៣៥មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៥ ទៅ ០.៧៩ក្រាម ក្នុងមួយលីត្រឈាម។

៧៖ ពិន័យ ១លានរៀល ចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាមក្នុងមួយលីត្រឈាម។

* សម្រាប់អ្នកបើកបរយានយន្តធុនស្រាល និងធុនធ្ងន់៖

១៖ បើកគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ
* សម្រាប់យានយន្តធុនស្រាល ពិន័យទឹកប្រាក់ ១លាន ពីរសែនរៀល។
* សម្រាប់យានយន្តធុនធ្ងន់ ពិន័យទឹកប្រាក់ ២លាន ៤សែនរៀល។

ក្នុងករណីជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀតក្នុងរយៈពេល៦ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន ត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

២៖ អ្នកបើកបរក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាមក្នុងមួយលីត្រឈាម៖
* ពិន័យ ២លានរៀល សម្រាប់យានយន្តធុនស្រាល
* ពិន័យ ៤លានរៀល សម្រាប់យានយន្តធុនធ្ងន់
ក្នុងករណីដែលជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀត ក្នុងរយៈពេល៦ខែ គិតពីការពិន័យអន្តរការណ៍លើកមុន ត្រូវផ្តន្ទាសទោសតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

អ្នកនាំពាក្យអគ្គស្នងការដ្ឋានគរបាលជាតិ បានអះអាងថា «ការត្រួតពិនិត្យរបស់យើង គឺធ្វើឡើងដោយបច្ចេកទេស មិនមែនត្រួតពិនិត្យឆ្វេកឆ្វាច ដាក់ប៉ារ៉ាស់ឃាត់ឆែកគ្រប់ម៉ូតូ និងគ្រប់រថយន្តនោះទេ»។ លោកបន្តថា អគ្គស្នងការនគរបាលជាតិ បានចេញបញ្ជាណែនាំដល់ស្នងការទាំងអស់ ឱ្យណែនាំដល់មន្រ្តីអនុវត្តច្បាប់ចរាចរណ៍នៅទូទាំងប្រទេស ឱ្យគាត់បំពេញតួនាទីភារកិច្ចប្រកបដោយវិជ្ជាជីវៈ ហាមដាច់ខាតធ្វើសកម្មភាពអសកម្ម ប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ និងជូនរង្វាន់លើកទឹកចិត្តឱ្យមន្រ្តីដែលអនុវត្តច្បាប់បានល្អ ប៉ុន្តែក៏ត្រូវដាក់ពិន័យកងកម្លាំងដែលប្រព្រឹត្តអំពើខុសឆ្គង ដែលអនុវត្តមិនត្រឹមត្រូវតាមច្បាប់ ហើយបើធ្ងន់ធ្ងរគឺយើងអនុវត្តច្បាប់ចំពោះមន្រ្តីនោះតែម្តង។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយស្មារតីភ្ញាក់រលឹក និងការទទួលខុសត្រូវ ហើយដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ការពារទ្រព្យសម្បត្តិ៍ផ្ទាល់ខ្លួន និងអ្នកដទៃផងដែរ។

ពាក់ព័ន្ធនឹងការងឿងឆ្ងល់ ចំពោះការពិន័យកើនឡើងគុណ៣ ឬគុណនឹង៥ ឬធ្វើក្នុងពេលកំពុងប្រឈមនឹងកូវីដនេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បញ្ជាក់ជូនដែរថា ករណីនេះមិនពាក់ព័ន្ធនឹងបញ្ហាហ្នឹងទេ បញ្ហាសំខាន់គឺពាក់ព័ន្ធនឹងការគោរពច្បាប់ប៉ុណ្ណោះ ប្រសិនបើ គាត់គោរពច្បាប់ ហើយមិនបានប្រព្រឹត្តល្មើស សមត្ថកិច្ចមិនផាកពិន័យគាត់ទេ អញ្ចឹងក៏មិនពាក់ព័ន្ធនឹងជីវភាពក្រ ឬមានរបស់ ប្រជាពលរដ្ឋឡើយ។ លោកអះអាងទៀតថា ការគោរពច្បាប់ចរាចរណ៍ ក៏មិនពាក់ព័ន្ធនឹងស្ថានភាពរីករាលដាលជំងឺកូវីដ១៩នោះទេ ហើយជាការចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋទៀតផង។ បើគ្រួសារមួយគាត់បាត់បង់បង្គោលគ្រួសារ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ គឺជីវភាពគ្រួសាររបស់គាត់ធ្លាក់ចុះធ្ងន់ណាស់៕