(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីគម្រោងសាងសង់ស្ពានអាកាសមួយទៀត នៅស្តុបផ្សារដីហុយ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា តាមគម្រោងសាងសង់ស្ពានអាកាសស្តុបផ្សារដីហុយ ប្រសព្វរវាងមហាវិថីសហព័ន្ឋរុស្ស៊ី និងវិថីហាណូយ មានប្រវែង ៦១១ម ទទឹង ១៦.៥ម។
ក្រៅពីពិភាក្សាអំពីការសាងសង់ស្ពានអាកាសទី៥នេះ សាលារាជធានីនិងក្រសួងសាធារណការ ក៏បានពិភាក្សាអំពីការសាងសង់ផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ មានប្រវែង ១៦.៦៧គ.ម ចាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ីដល់ផ្លូវជាតិលេខ២ ទទឹង ២៣ម លូសងខាងទំហំ ១.៥ម បេតុងកម្រាស់ ២០ស.ម ដោយឆ្លងកាត់ភូមិសាស្ត្រខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ផងដែរ៕