(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំក្រុមការងារបើកកិច្ចប្រជុំបូកសរុបលទ្ធផលស្ទាបស្ទង់មតិគ្រួសារក្រីក្រ ដើម្បីទទួលបានទិន្នន័យ សុក្រឹតភាព អំពីគ្រួសារក្រីក្រ និងជនងាយរងគ្រោះ នៅមូលដ្ឋាន នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។
ជាមួយគ្នានោះ លោក វង សូត បានលើកឡើងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារតូចអាយុក្រោម២ឆ្នាំ ត្រូវបានពន្លឿនក្នុងការប្រើប្រាស់ជាយន្តការ អនុវត្តជាលក្ខណៈអន្តរស្ថាប័ន ដែលមានការចូលរួមពីក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់ អាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រនៅតាមមូលដ្ឋាន ដើម្បីសំដៅជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ពិសេសសុខភាពមាតានិងទារក ក្នុងគ្រួសារក្រីក្រ ក្នុងគ្រាដែលជំងឺកូវីដ១៩ កំពុងរាតត្បាតជាសកល។
លោក វង សូត បានលើកឡើងបែបនេះ ក្នុងឳកាសដែលលោក អញ្ជើញជាអធិបតីក្នុងបើកកិច្ចប្រជុំបូកសរុបលទ្ធផលស្ទាបស្ទង់ មតិគ្រួសារក្រីក្រ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងទិសដៅបន្ត នៅសាលប្រជុំសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ប្រតិភូក្រសួងសង្គមកិច្ច ក្រុមការងារចុះជួយស្រុក មេឃុំ មេភូមិទាំង៨ឃុំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី វង សូត ក៏បានបន្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសប្បទា និងក្រសួងពាក់ព័ន្ធ បាននិងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីសិក្សារកគ្រួសារក្រីក្រ ដែលងាយរងគ្រោះពិតប្រាកដ ដើម្បីផ្តល់នូវជំនួយដល់ពួកគាត់ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។
កន្លងមកនេះ លោក វង សូត ក៏បានផ្ដួចផ្ដើមបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាល ជនបង្គោលក្នុងក្របខណ្ឌឃុំទាំង៨ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីធានាក្នុងការពង្រឹកអនុវត្តការងារចុះស្រុងស្ថិតិគ្រួសារក្រីក្រពិតប្រាកដ នៅតាមមូលដ្ឋានរៀងៗខ្លួនឲ្យបានលឿន នឹងមានប្រសិទ្ធភាព ដោយស្របតាមនិតិវិធី របស់ក្រសួងជំនាញ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានោះ រដ្ឋមន្រ្តី វង សូត ក៏ថ្លែងនូវការកោតសរសើរ ចំពោះជនបង្គោល ក្នុងក្របខណ្ឌឃុំទាំង៨ ក្នុងស្រុកញាក្រែកនិងឃុំជាច ស្រុកកំចាយមារ ដែលបានចុះអនុវត្តការងារស្រង់ស្ថិតិគ្រួសារក្រីក្រតាមខ្នងផ្ទះ បានឆាប់រហ័សនិងមានប្រសិទ្ធភាព នឹងបានជម្រុញដល់អាជ្ញាធរភូមិ/ឃុំ ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ថែមទៀត ចំពោះសុខទុក្ខនិងតម្រូវការរបស់គ្រួសារក្រីក្រ ពិសេសត្រូវចុះដល់ខ្នងផ្ទះនិងសិក្សាថា តើគ្រួសារណាខ្លះដែលមានជីវភាពក្រីក្រ ហើយត្រូវបែងចែងប្រភេទគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដអោយបានច្បាស់លាស់ ដើម្បីក្រុមការងារជួយពួកគាត់បានទាន់វេលា និងចំគោលដៅផងដែរ។
បើតាមរបាការណ៍របស់ លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក នាថ្ងៃទី២៤ ខែមេសាឆ្នាំ២០២០ ក្នុងវេទិកាសាធារណៈស្ដីពីវឌ្ឍនភាព និងយន្តការ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ និងការងារអន្តរាគមន៍ ជំនួយសង្គមរដ្ឋបាលស្រុកពញាក្រែក បានរៀបចំក្រុមការងាររដ្ឋបាលស្រុកចំនួន ២៤ក្រុម ដោយមានគ្រប់សមាសភាពពាក់ព័ន្ធសរុបចំនួន១៣២នាក់ រួមជាមួយអាជ្ញាធរភូមិចុះត្រួតពិនិត្យ និងវាយតម្លៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ ព្រមទាំងស្ទាបស្ទង់នៃមតិយោបល់របស់ប្រជាពលរដ្ឋនៅតាមបណ្ដាភូមិ ក្នុងមូលដ្ឋានស្រុក ក្នុងគោលបំណង ទទួលបាន ទិន្នន័យមួយច្បាស់លាស់ សុក្រឹតភាពអំពីគ្រួសារ បងប្អូនក្រីក្រលំបាក និងជនងាយរងគ្រោះយ៉ាងពិតប្រាកដ។
គួរបញ្ជាក់ថា ជាលទ្ធផលនៃការចុះធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ក្នុងស្រុកពញាក្រែក មានគ្រួសារក្រីក្រ សរុបចំនួន ៦.៣៥៣ គ្រួសារ ស្មើនឹង១៦.៩៨% នៃគ្រួសារសរុប ៣៧.៤២០គ្រួសារ ក្នុងលោកគ្រួសារក្រ១ ចំនួន២.១៥៧គ្រួសារ គ្រួសារក្រព២ចំនួន ៤.១៩៦គ្រួសារ (អ្នកស្នើសុំថ្មី ៩៧៧គ្រួសារ) ស្ត្រីមានផ្ទៃពោះ១៨៤នាក់ កុមារអាយុក្រោម២ឆ្នាំ ចំនួន៧៤២នាក់ និងក្រុមងាយរងគ្រោះសរុបចំនួន៤.៨៨៤នាក់ រីឯឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង មានគ្រួសារក្រីក្រសរុបចំនួន៥៨៨នាក់ ក្នុងនោះ គ្រួសារក្រ១ ចំនួន៣១៧គ្រួសារ គ្រួសារក្រ២ មានចំនួន ២៧១គ្រួសារ និងស្នើសុំថ្មីចំនួន ៧៣ គ្រួសារផងដែរ៕