(ភ្នំពេញ)៖ ទឹកប្រាក់ជួយឧបត្ថម្ភពីសប្បុរសជននានា និងទឹកប្រាក់វិភាគទានប្រាក់បៀវត្សពីថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈ ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សរុប បានកើនដល់ជាង ២៣.៣លានដុល្លារ គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ របាយការណ៍ពីក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានបង្ហាញឲ្យដឹងថា សប្បុរជននានាដែលបានចូលរួមជួយឧបត្ថម្ភ ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានកើនដល់ ១៤,០១៧,០៥៨.២៦ ដុល្លារសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
ក្រៅពីសប្បុរសជននានាចូលរួមឧបត្ថម្ភ, គិតត្រឹមថ្ងៃទី២៩ ខែមេសានេះដែរ មានថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈចំនួន ៦៧ ០១៥ នាក់ (កើន៣០១នាក់ ធៀបនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០) មកពីក្រសួង ស្ថាប័ន ចំនួន៤១ បានចូលរួមវិភាគទានប្រាក់បៀវរត្សដោយស្ម័គ្រចិត្ត ជូនមូលនិធិប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ដោយមានចំនួនទឹកប្រាក់សរុប កើនដល់ ៣៨ ៣៨៥ ១០៧ ៣៦៧រៀល ឬប្រហែល ៩.៣លានដុល្លារសហរដ្ឋអាមេរិក។
ដូច្នេះទឹកប្រាក់ដែលបានជួយដល់មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ រួមមានពីរប្រភព៖
ទី១៖ ឧបត្ថម្ភពីសប្បុរសជននានា សរុបចំនួន ១៤,០១៧,០៥៨.២៦ ដុល្លារសហរដ្ឋអាមេរិក។
ទី២៖ ថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈបរិច្ចាគប្រាក់បៀរវត្ស ចំនួន ៣៨ ៣៨៥ ១០៧ ៣៦៧រៀល ឬប្រហែល ៩.៣លានដុល្លារសហរដ្ឋអាមេរិក៕