(ភ្នំពេញ)៖ ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ជាក្រុមហ៊ុនទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានរកឃើញម្ចាស់រង្វាន់រថយន្តស៊េរីថ្មី ឆ្នាំ២០២០ ចំនួន៣រូប ក្នុងកម្មវិធីចាប់ឆ្នោត «តូយ៉ូតា ឈ្នះ កប់!កប់!»។
ព្រឹត្តិការណ៍ចាប់ឆ្នោតផ្សងសំណាង «ទិញតូយ៉ូតា ឈ្នះកប់!កប់!» រៀបចំឡើងក្រោមការចូលរួមពី លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា លោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុនតូយ៉ូតា លោក កែវ វឌ្ឃនៈ នាយកចាត់ការទូទៅផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុនតូយ៉ូតា។
លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានឲ្យដឹងថា កម្មវិធីចាប់ឆ្នោតនេះរៀបចំឡើង ដើម្បីផ្តល់សំណាង ក៏ដូចជាថ្លែងអំណរគុណដល់អតិថិជន ដែលបានទិញរថយន្តតូយ៉ូតា ចាប់ពីខែមករា ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។ រង្វាន់ទាំងនោះរួមមាន៖ នាឡិកាដៃ Apple Watch ១៧ រង្វាន់, iPad ១៥រង្វាន់, ទូរស័ព្ទដៃម៉ាក iPhone 11, Pro max ១៥រង្វាន់, ទូរទស្សន៍ម៉ាក Samsung ១៥រង្វាន់, ទូទឹកកកម៉ាក Samsung ១៥រង្វាន់ និងរង្វាន់ធំរថយន្តស៊េរីថ្មីឆ្នាំ២០២០ ចំនួន៣គ្រឿងរួមមានម៉ូឌែល រថយន្តតូយ៉ូតា Hilux Revo Rally ១គ្រឿង, រថយន្តតូយ៉ូតា Rush TRD ១គ្រឿង, និងរថយន្តតូយ៉ូតា Rush ១គ្រឿង ដែលសរុបទាំងអស់ស្មើនឹង៨០រង្វាន់។
លោកឧកញ៉ា គង់ នួន បានថ្លែងអំណរគុណចំពោះ អតិថិជនតូយ៉ូតា ដែលតែងតែគាំទ្រ និងជឿទុកចិត្តទៅលើគុណភាព និងសេវាកម្មរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។ លោកឧកញ៉ា ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យចូលរួមថែរក្សាសុខភាព និងអនាម័យ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីចូលរួមការពារ និងទប់ស្កាត់ ការរីករាលដាលជម្ងឺ កូវីដ-១៩ផងដែរ៕