(ភ្នំពេញ)៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចំរើនគួរ្យគត់សំគាល់ ដោយបច្ចុប្បន្ននេះ មានវិនិយោគគិនជាតិ និងអន្តរជាតិជាច្រើនបាននឹង កំពុងមកវិនិយោគ និងសាងសង់អាគារពាណិជ្ជកម្ម ខុនដូ បុរី ផ្សារទំនើប និងអាគារខ្ពស់ៗជាច្រើននៅក្នុងប្រទេសកម្ពុជា ។ ជាក់ស្តែងគម្រោង D’seaview ដែលជាគម្រោងសាងសង់ខុនដូ និងអគារពាណិជ្ជកម្ម ដ៏ធំ របស់ក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី បានបោះទន់វិនិយោគ នៅក្នុងខេត្តព្រះសីហនុ ដែលជា តំបន់ទេសចរណ៍ ដ៏មានសក្តានុពលមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
D’Seaview គឺជាគម្រោងអភិវឌ្ឍន៍ទីមួយ ដែលមានអាគារពាណិជ្ជកម្ម និងលំនៅស្ថាន ហើយត្រូវបានសាងសង់នៅផ្ទៃដី 9,818 ម៉ែតការ៉េ។ អាគារពាណិជ្ជកម្មនេះ ត្រូវបានរចនា ឡើងឲ្យ មាន4ផ្នែកផ្សេងគ្នា ដែលសមស្របសំរាប់ស្ថាប័នហិរញ្ញវត្ថុ អគារការិយាល័យ ភោជនីយ អាហារ ស្កាយិ៍បា មណ្ឌលសុខភាព ក្លឹបហាត់ប្រាណ ហាងកែសម្ផស្ស Mini Mart កន្លែងក្មេង លេង និងបរិក្ខារផ្សេងៗ ជាច្រើនទៀត។
លោក វ៉ាន់ ចាន់ថន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលន ទ្រព្យបានលើកឡើងថា «បច្ចុប្បន្ននេះតម្រូវការកន្លែងស្នាក់នៅ មានកាន់តែច្រើនឡើង ជាពិសេស នៅពេលសមាហរណកម្មអាស៊ាន ខាងមុខនេះនឹងមានជនបរទេសចេញ ចូលច្រើន ដូច្នេះតម្រូវការនៃការស្នាក់នៅនឹងមានការកើនឡើង ដែលទាមទាឲ្យមាន កន្លែងស្នាក់នៅច្រើន ហើយវាក៏ជាកត្តាមួយដែលជំរុញឲ្យវិស័យសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា មានការរីកចម្រើនផងដែរ»។
លោក យឿនសេរីវ៉ាត ដែលជាប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុនអចលនទ្រព្យ នៃក្រុមហ៊ុនឡាន ប្រផឹធី អិលធី បានមានប្រសាសន៍ថា «មានអ្នកវិនិយោគទុនបរទេសជាច្រើន ដែលបានវិនិយោគ នៅក្នុងខេត្តព្រះសីហនុ ហើយអ្នកទាំងនេះនឹងត្រូវការកន្លែងស្នាក់នៅ ដែលមានផាសុខភាពសម្រាប់បុគ្គលិក ដែលមកពីបរទេស»។
លោក វ៉ាន់ ចាន់ថន បានបញ្ជាក់បន្ថែមថា «ការរស់នៅក្នុងខុនដូរ មានអត្ថប្រយោជន៍ច្រើន គឺវាមានសុវត្ថិភាព ដោយអ្នករស់នៅក្នុងខុនដូរ មិនចាំបាច់ខ្វល់ខ្វាយច្រើនរឿងសន្តិសុខ ព្រោះគេមានសន្តិសុខយាម និងមានកាមេរ៉ាសុវត្ថិភាព នៅគ្រប់ទីកន្លែងព្រមទាំងមាន ចំណតរថយន្តត្រឹមត្រូវ ជាងនេះទៅទៀត គឺគេមិនបារម្ភរឿងទឹកលិច ឬភ្លើងដាច់ ហើយក៏មិនពិបាកក្នុងការ ថែទាំអនាម័យក្នុងបន្ទប់ ព្រមទាំងមានបរិយាកាសល្អ ដែលធ្វើឲ្យអ្នករស់នៅទីនោះ មានអារម្មណ៍ស្រស់ស្រាយ»។
បើតាមប្រសាសន៍របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗ នេះបានឲ្យដឹងថា «បច្ចុប្បន្នប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានលំនឹងម៉ាក្រូសេដ្ឋកិច្ចខ្ពស់ និងអតិផរណាទាប។ ជាក់ស្តែងផលិតផលក្នុងស្រុកសរុប សម្រាប់ប្រជាជនម្នាក់មានការកើនឡើង ជាលំដាប់ពីប្រមាណ ៧៣៨ ដុល្លានៅឆ្នាំ ២០០៨ ដល់ ១១៣៩ ដុល្លានៅឆ្នាំ២០១៤ ហើយត្រូវប៉ាន់ស្មានថា នឹងកើនឡើងរហូតដល់ប្រមាណ ១៥៧៩ដុល្លានៅឆ្នាំ២០១៨ខាងមុខ»។
លោក ប៉ា សុជាតិវង្ស ក៏បានបញ្ជាក់ថា «ដោយសាកំណើនសេដ្ឋកិច្ចគួរឲ្យគត់សម្គាល់នេះ ប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេស កំពុងអភិវឌ្ឍន៍មានចំណូលទាប មកជាប្រទេសកំពុងអភិវឌ្ឍន៍ មានចំណូលមធ្យម ដែលបញ្ជាក់ឲ្យកាន់តែច្បាស់ថា អំណាចទិញរបស់ប្រជាពលរដ្ឋ មានការកើនឡើងជាបន្តបន្ទាប់។ ហេតុដូច្នេះហើយទើបបច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាមានលទ្ធភាពច្រើន ក្នុងការទិញខុនដូរ ឬផ្ទះសម្បែងដើម្បីស្នាក់នៅដោយខ្លួនឯង ដែលនេះបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើន យ៉ាងឆាប់រហ័ស»៕