(ស្ទឹងត្រែង)៖ សហគមន៍នេសាទទូទាំងខេត្តស្ទឹងត្រែងចំនួន ៥២សហគមន៍ និងតំណាងបណ្តាញសហគមន៍នេសាទថ្នាក់ស្រុក និងថ្នាក់ខេត្តសរុបចំនួន ៥៨នាក់ បានមកចូលរួមប្រជុំពិភាក្សាជាមួយ មន្រ្តីខណ្ឌរដ្ឋបាលជលផល ខេត្តស្ទឹងត្រែង ដើម្បីពិភាក្សាគ្នាស្វះស្វែង រកនូវដំណោះស្រាយរួមគ្នា ក្នុងការចុះយុទ្ធនាការថែរក្សាការពារត្រីមេពូជគ្រប់ប្រភេទ ក្នុងរដូវបិទនេសាទនា ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា រដូវបិទនេសាទរៀងរាល់ឆ្នាំ ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង គឺនឹងចាប់អនុវត្តពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា។ យោងតាមសេចក្តីជូនដំណឹងលេខ ១៩៨/២០ សជណ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្ទឹងត្រែងស្តីពីរដូវបិទនេសាទ នៅខេត្តស្ទឹងត្រែង ការនេសាទដោយឧបករណ៍មងគ្រប់ប្រភេទត្រូវបានហាមឃាត់ជាដាច់ខាត សំដៅដើម្បីបង្កលក្ខណៈងាយស្រួលដល់ត្រីមេពូជ គ្រប់ប្រភេទអាចធ្វើចរាចរណ៍ទៅពងកូនបាន។
សេចក្តីជូនដំណឹងក៏បានហាមដាច់ខាតផងដែរ ចំពោះការប្រើឧបករណ៍ល្មើសច្បាប់ជលផលដូចជា ឆក់ ថ្នាំបំពុលត្រី និងគ្រឿងផ្ទុះជាដើម។
បើតាមការបញ្ជាក់ពីលោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានឱ្យដឹងថា យុទ្ធនាការកាលពីឆ្នាំ២០១៩ ដែលជាឆ្នាំចាប់ផ្តើមរឹតបណ្តឹង ការនេសាទ ក្នុងរដូវបិទ ឃើញថាការអនុវត្ត គឺមានប្រសិទ្ធភាពប្រមាណ ៧០ ដល់៨០% ហើយដែលអាចមានលទ្ធភាព ជួយសង្គ្រោះត្រីមេពូជគ្រប់ប្រភេទ បានពងកូនប្រមាណជាង ៣,០០០តោន និងអាចមានលទ្ធភាពសល់កូនត្រី ក្នុងធម្មជាតិរាប់សិបលានកូន។
តាមការលើកឡើងជាច្រើនពីស្ទើរគ្រប់សហគមន៍ គឺបទល្មើសជលផលក្នុងទឹកដីខេត្តស្ទឹងត្រែង គឺមានការថយចុះមិនតិចជាង ៧០% នោះទេ ឯបទល្មើសដែលនៅសេសសល់សព្វថ្ងៃ គឺធ្វើដោយការលួចលាក់បំផុត។
ជាចុងក្រោយ ទាំងជំនាញជលផល ទាំងសហគមន៍មូលដ្ឋាន សូមអំពាវនាវ និងអង្វរដោយទទូចចំពោះបងប្អូនប្រជានេសាទទាំងអស់ សូមមេត្តាបញ្ឈប់ជាបន្ទាន់នូវការធ្វើនេសាទដែលនាំឱ្យមហន្តរាយដល់ធនធានជលផល ហើយរួមគ្នាថែរក្សា ការពារនូវធនធានដ៏កម្រទាំងនេះ ដើម្បីធានាបាននូវចីរភាពដល់កូនចៅជំនាន់ក្រោយៗទៀត៕