(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ និងកងទ័ពទាំងអស់ ដែលបានចូលរួមចំណែកអស់កម្លាំងកាយចិត្ត ព្រមទាំងថវិកាផ្ទាល់ខ្លួន គាំទ្រដល់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងការរីករាលដាលនៃជំងឺ COVID-19។
ការថ្លែងអំណរគុណបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពីមន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ បានប្រកាសចូលរួមបរិច្ចាគថវិកា និងប្រាក់បៀវត្សប្រចាំរបស់ខ្លួន តាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីយកទៅប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។
តាមរយៈទំព័រ Facebook ផ្លូវការនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖ «សូមកោតសរសើរដល់ថ្នាក់ដឹកនាំ និងបងប្អូនកងទ័ពទាំងអស់ ដែលបានចូលរួមចំណែកអស់កម្លាំងកាយចិត្ត ព្រមទាំងថវិកាផ្ទាល់ខ្លួន គាំទ្រដល់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជាមួយមេរោគ COVID-19»។
ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលរាតត្បាតនៅកម្ពុជានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន, ប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ, ប្រធានរដ្ឋសភាសម្តេចពញាចក្រី ហេង សំរិន ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏បានបរិច្ចាគប្រាក់បៀវត្សទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ។
គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ របាយការណ៍ពីក្រសួងសុខាភិបាល បានបង្ហាញឱ្យដឹងថា សប្បុរជននានាដែលបានចូលរួមជួយឧបត្ថម្ភ ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានកើនដល់ ១៤,០១១,៥៥៧ដុល្លារសហរដ្ឋអាមេរិក។
របាយការណ៍ពីក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរថា ថវិកាចំណូលទាំងអស់ ១៤,០១១,៥៥៧.០៤ ដុល្លារសហរដ្ឋអាមេរិក (គិតត្រឹមថ្ងៃទី២៨ មេសានេះ) បានចំណាយក្នុងការបញ្ជាទិញសម្ភារៈពេទ្យផ្សេង អស់ចំនួន ៧,៥១០,៥៤៦.៥៦ដុល្លារ នៅសល់ចំនួន ៦,៥០១,០១០.៤៨ដុល្លារអាមេរិក។
ក្រៅពីសប្បុរសជននានាចូលរួមឧបត្ថម្ភ, គិតត្រឹមថ្ងៃទី២៨ ខែមេសា មានថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈចំនួន ៦៦,៧១៤នាក់ មកពីក្រសួង ស្ថាប័ន ចំនួន៤១ បានចូលរួមវិភាគទានប្រាក់បៀវរត្សដោយស្ម័គ្រចិត្ត ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយមានចំនួនទឹកប្រាក់សរុប កើនដល់ ៣៨ ១៦៥ ០៥៣ ៣៦៧រៀល ឬប្រហែល ៩.៣លានដុល្លារសហរដ្ឋអាមេរិក។
ដូច្នេះទឹកប្រាក់ដែលបានជួយដល់មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ រួមមានពីរប្រភព៖
ទី១៖ ឧបត្ថម្ភពីសប្បុរសជននានា សរុបចំនួន ១៤,០១១,៥៥៧ ដុល្លារសហរដ្ឋអាមេរិក។
ទី២៖ ថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈបរិច្ចាគប្រាក់បៀរវត្ស ចំនួន ៣៨ ១៦៥ ០៥៣ ៣៦៧រៀល ឬប្រហែល ៩.៣លានដុល្លារសហរដ្ឋអាមេរិក៕