(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពលំបាក ដែលសហគ្រិនកំពុងជួបប្រទះ សហគ្រិនខ្មែរ Khmer Enterprise នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) ក្រោមការផ្ដួចផ្ដើមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ដំណើរការនូវគម្រោងទ្រទ្រង់ ដល់វិស័យសហគ្រិនភាពមួយ ដែលមានឈ្មោះថា «កញ្ចប់ជំនួយសហគ្រិនខ្មែរ»។
កញ្ចប់ជំនួយសហគ្រិនខ្មែរ គឺជាដំណោះស្រាយបែបយុទ្ធសាស្រ្ដ ចំពោះបញ្ហាប្រឈមមួយចំនួន ដែលសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី នៅកម្ពុជាកំពុងប្រឈមនាពេលបច្ចុប្បន្ន។ កម្មវិធីកញ្ចប់ជំនួយនេះ ធ្វើឡើងក្នុងគោលបំណងជួយគាំទ្រមួយចំណែក ដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី ឲ្យត្រលប់ទៅប្រតិបត្តិការដូចប្រក្រតីវិញ បន្ទាប់ពីស្ថានភាព នៃវិបត្តិជំងឺកូវីដ-១៩នេះបានថមថយ។
ដើម្បីស្នើសុំកញ្ចប់ជំនួយសហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី ដែលមានចំណាប់អារម្មណ៍ អាចបំពេញកម្រងសំណួរស្ទង់មតិ ដែលបានរៀបរៀងទាំងជា ភាសាខ្មែរ https://forms.gle/oSb8PTfYL4eevzx4A និងភាសាអង់គ្លេស https://forms.gle/viToDfmsmKJdUPRw6។ សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី ក៏អាចបំពេញកម្រងសំណួរតាមរយៈ QR Code ដែលមានក្នុងរូបភាព។
កញ្ចប់ជំនួយសហគ្រិនខ្មែរ នឹងផ្ដល់ជូននូវការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី ក្នុងទម្រង់ផ្សេងៗដូចជា មូលនិធិជំនួយ ការវិនិយោគ ការផ្ដល់ជូននូវវគ្គបណ្ដុះបណ្ដាល ការប្រឹក្សាយោបល់ក្នុងការគ្រប់គ្រងហានិភ័យ និងការផ្ដល់ជាការិយាល័យធ្វើការរួម។
សហគ្រិនខ្មែរជឿជាក់ថា កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរនេះ នឹងក្លាយជាសកម្មភាព និងគម្រោងជំនួយយុទ្ធសាស្រ្ដមួយ ក្នុងចំណោមវិធានការយុទ្ធសាស្រ្ដរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលជួយទ្រទ្រង់វិស័យសហគ្រិនភាព និងសេដ្ឋកិច្ចកម្ពុជា ក្នុងកំឡុង និងក្រោយពេលរងនូវផលប៉ះពាល់ពីវិបត្តិជាសាកលនេះ។
សហគ្រិនខ្មែរ ត្រូវបានបង្កើតឡើងជាស្ថាប័នប្រតិបត្តិករមួយ របស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) ក្រោមការគាំទ្ររបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ ។
គោលបំណងរបស់សហគ្រិនខ្មែរ គឺដើម្បីកៀរគរ វិនិយោគ និងគ្រប់គ្រងបរធន ពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងផ្ដល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព មានដូចជាសហគ្រិន ធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៍ (innovative startups) សហគ្រាសធុនតូច និងមធ្យម ដែលមានសក្ដានុពល(potential SMEs) និងស្ថាប័នដៃគូ ដែលចូលរួមជំរុញសកម្មភាពសហគ្រិនភាពផ្សេងៗ សំដៅជំរុញនវានុវត្តន៍(innovation) និងការបង្កើតតម្លៃបន្ថែម ក្នុងសេដ្ឋកិច្ចកម្ពុជា៕