(ភ្នំពេញ)៖ ដោយទទួលបាននូវការផ្តល់នូវភារកិច្ចពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ នឹងដឹកនាំកិច្ចសន្ទនា ពិភាក្សាជាមួយអង្គការដៃកូនានា ដែលស្ថិតក្នុងចង្កោមអង្គការសហប្រជាជាតិ (UN)។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ការពិភាក្សានៅព្រឹកនេះ គឺជាការជជែកគ្នាអំពីការឆ្លើយតបនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា និងក៏មានការពិភាក្សាគ្នា ដើម្បីស្វែងយល់ពីការគាំទ្រកិច្ចសហប្រតិបត្តិការ ក៏ដូចជាការចូលរួមចំណែកបន្ថែមទៀត ពីអង្គការដៃគូនានា ដែលស្ថិតនៅក្នុងចង្កោមអង្គការសហប្រជាជាតិ។
លោកស្រី វណ្ណឌីន បញ្ជាក់ថា «កិច្ចប្រជុំនេះនឹងមានការចូលរួម ពីបណ្តាអង្គការដែលស្ថិតនៅក្នុងចង្កោមអង្គការសហប្រជាជាតិ រហូតដល់២២រូប ចំណែកភាគីកម្ពុជាវិញ មានការចូលរួមពីគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលជាការប្រជុំមួយដ៏មានសារសំខាន់ ដើម្បីពិភាក្សារួមគ្នា ពិនិត្យលើលទ្ធភាពនៃការចូលរួមគាំទ្រ ពីបណ្តាដៃគូស្ថិតនៅក្រោមចង្កោមអង្គការសហប្រជាជាតិ ទៅលើប្រតិបត្តិការ ក៏ដូចជាការងារទប់ស្កាត់ការរីករាលដាលចម្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជារបស់យើង»។
បើតាមលោកស្រី ឱ វណ្ណឌីន កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានសមាជិកចួលរួមសរុបប្រមាណជា៨០នាក់៕