(ភ្នំពេញ)៖ អង្គភាពការពារកុមារ(CPU) អង្គការមូលនិធិកុមារកម្ពុជា (CCF) និងនគរបាលជាតិកម្ពុជា(CNP) បានរួមសហការគ្នា រៀបចំឲ្យមានវេទិការលើកទីមួយ រវាងអាជ្ញាធរយុត្តិធម៌អូស្រ្តាលី និងអាជ្ញាធរយុត្តិធម៌កម្ពុជា ស្តីពីបទល្មើសប្រឆាំងនឹងកុមារនៅកម្ពុជា។វេទិការនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃ អង្គារថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោកអង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មន្រ្តីជំនាញឯកទេសចំនួន ៤៦០នាក់។
វេទិការដែលធ្វើឡើងរយៈពេល ២ថ្ងៃនេះ នឹងលើកបង្ហាញពីសមាជិកគណកម្មការពិភាក្សាមួយចំនួន ដូចជា ប្រធានចៅក្រមតុលាការសហព័ន្ធអូស្រ្តាលី លោក ចន ផាស់ស្កូ ក៏ដូចជា ចៅក្រម ព្រះរាជអាជ្ញា និងអ្នកជំនាញឯកទេសច្បាប់ផ្សេងៗទៀត ដែលនឹងធ្វើការចែករំលែកចំណេះដឹង និងបទពិសោសធន៍របស់គេជាមួយនឹងស្ថាប័នយុត្តិធម៌កម្ពុជា។
លោក ជេម ម៉ាក់ខេប នាយប្រតិបត្តិអង្គភាពការពារកុមារ បានលើកឡើងថា «វេទិការនេះ នឹងផ្តល់ឱកាសសម្រាប់អង្គភាពអនុវត្តច្បាប់ក្នុងស្រុកឲ្យទទួលបាននូវចំណេះដឹងដ៏មានតម្លៃមួយពីសមភាគីអន្តរជាតិទាំងអស់។ តាមរយៈការកសាងទំនាក់ទំនងការងារដ៏រឹងមាំមួយ និងការយោគយល់គ្នាទៅវិញទៅមក យើងអាចធ្វើការជាមួយគ្នា ហើយអាចជួយដល់អ្នកទាំងឡាយណាដែលមិនអាចជួយខ្លួនឯងបាន»។
អង្គភាពការពារកុមារ បានដើរតួនាទីស្នូលយ៉ាងសំខាន់នៅក្នុងកងកម្លាំងការងារចម្រុះដែលមានសមាសភាព ៣០រូប ដោយមានស្ថាប័ននគរបាលជាតិ និងអន្តរជាតិមួយចំនួនធំហើយបានធ្វើការបង្ហាញពីបច្ចេកទេស និងឧបករណ៍កោសល្យវិច័យថ្មីៗមួយចំនួន ដល់កម្ពុជារួមជាមួយគ្នា ព្រមទាំងការប្រមូលភស្តុតាងឲ្យបានកាន់តែប្រសើរឡើង។អង្គការនេះ ចាប់ផ្តើមឡើងពីឆ្នាំ២០១៣។
អង្គភាពការពារកុមារបានធ្វើការស៊ើបអង្កេតលើបទល្មើសចំនួន៥៧៥ករណី ពីបទបំពានលើកុមារ បទរំលោភសេពសន្ធវៈ និងអំពើមនុស្សឃាត ដែលនាំដល់ការចាប់ខ្លួនបានចំនួន៤៦០នាក់។ក្នុងឆ្នាំ២០១៥ អង្គភាពការពារកុមារ បានស៊ើបអង្កេតលើបទល្មើសចំនួន២៩៣ករណី ដែលក្នុងនោះមាន ៣០ករណី គឺជាករណីអំពើមនុស្សឃាតលើកុមារដែលមានអាយុក្រោម ១៥ឆ្នាំ។
គួរបញ្ជាក់ថា នៅពេលបិទបញ្ចប់វេទិការ ស្តីពីបទល្មើសប្រឆាំងនឹងកុមារនៅកម្ពុជា ក៏នឹងមានការធ្វើសន្និសីទកាសែតមួយ រយៈពេល ១៥នាទីផងដែរ៕