(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅវេលាម៉ោង០២៖៣០នាទីរសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ស្អែកនេះ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាព នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់សហគមន៍ពុទ្ធសាសនា» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
សន្និសីទនេះ មានគោលបំណង ជម្រាបជូនសាធារណជនឲ្យបានជ្រាប អំពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ ក្នុងសហគមន៍ពុទ្ធសាសនា ក្នុងកិច្ចចូលរួមចំណែកដ៏សកម្ម ជាមួយនឹងវិធានការអនុវត្តរបស់រាជរដ្ឋាភិបាលដើម្បីបង្ការ ការពារ ទប់ស្កាត់ការរាតត្បាតកូវីដ១៩។
តាមរយៈសេចក្ដីជូនដំណឹង វាគ្មិនដែលនឹងអញ្ជើញចូលរួម រួមមាន៖ សម្ដេចសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី និងសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រមទាំងលោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា៕