(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត, ក្រុង, សង្កាត់ និងមេភូមិស្ទឹងថ្មី ចុះទៅពិនិត្យផ្លូវកដបមួយកន្លែង នៅត្រង់ចំណុចផ្លូវ ភូមិស្ទឹងថ្មី ដែលជាផ្លូវប្រសព្វរវាងផ្លូវកេសកូល មកផ្លូវសម្ដេចទេពរង្ស (ផ្លូវផ្សារញ៉ែ ទៅស្តុបឡាប៉េ ទល់មុខផ្សារចៅសាំងហុក) ដើម្បីពិនិត្យមើលផ្ទះ និងសំយ៉ាបផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន២គ្រួសារ ដែលបានប៉ះពាល់ដល់ការពង្រីកផ្លូវ។
បើតាមមន្ត្រីសាលាខេត្ត បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង ២គ្រួសារនោះ បានស្ម័គ្រចិត្តយល់ព្រមឲ្យក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តរុះរើ ដើម្បីពង្រីកផ្លូវឲ្យបានធំទូលាយ និងងាយស្រួលក្នុងការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងសៀមរាប ក៏ដូចជាការចូលរួមបញ្ជៀសការកកស្ទះចរាចរផងដែរ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រជាពលរដ្ឋទាំង ២គ្រួសារ ដែលមានឈ្មោះ ទៀវ សុខវី និងឈ្មោះ ម៉ៅ សុខលី ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ តាមបណ្តោយផ្លូវពីកេសរកូល ប្រសព្វនឹងផ្លូវសម្តេចទេពវង្ស ដែលពួកគាត់បានយល់ព្រមឲ្យក្រុមការងារចម្រុះរដ្ឋបាលខេត្តរុះរើផ្ទះ និងសំយ៉ាបផ្ទះ ដែលប៉ះពាល់ដីចំណីផ្លូវដោយស្ម័គ្រចិត្ត។ ដែលផ្លូវនេះ គឺរដ្ឋបាលខេត្តសៀមរាប បាននិងកំពុងដំណើរការអនុវត្តគម្រោងសាងសង់ ដោយមានការពង្រីកផ្លូវតាមទំហំ ដែលបានកំណត់ដោយគណៈកម្មការរដ្ឋបាលខេត្ត។
នេះគឺជាសកម្មភាពជាគំរូមួយ ដែលបានចូលរួមនៅក្នុងសកម្មភាពអភិវឌ្ឍក្រុង។ ក្នុងនាមអាជ្ញាធរខេត្តសៀមរាប លោក ទៀ សីហា សូមស្នើដល់ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមសហការ លើការងារអភិវឌ្ឍន៍នានា នៅក្នុងខេត្តសៀមរាបទាំងមូលផងដែរ។
សូមបញ្ជាក់ថា ទិសដៅការងារឆ្នាំ២០២០ ក៏បានកំណត់យកការងារបើកផ្លូវ និងការសាងសង់ផ្លូវ ជាការងារអាទិភាពតាមរយៈសេចក្តីសម្រេច របស់សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តសៀមរាប៕