(ឧត្តរមានជ័យ)៖ តំបន់ជាសមរភូមិសង្រ្គាមផ្លោងគ្រាប់ដាក់ស្ទើររាល់ថ្ងៃរវាងកងរដ្ឋាភិបាលសម័យរដ្ឋកម្ពុជា និងកងទ័ពខ្មែរក្រហម ក្នុងខេត្តឧត្តរមានជ័យកាលពីប្រមាណ ២០ឆ្នាំមុននោះ ត្រូវបាន លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា និង លោក យុទ្ធ ណាវីរិយះកិត្តិអភិបា លខេត្តស៊ីសាកេត ប្រទេសថៃ បើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញតំបន់នេះឲ្យក្លាយជាតំបន់អភិវឌ្ឍន៍។
កិច្ចពិភាក្សា ដែលធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ បានដឹកនាំប្រតិភូជួបប្រជុំពិភាក្សាការងារជាមួយ នៅសណ្ឋាគារនិងកាស៊ីណូសាង៉ាំរីសត ក្នុងស្រុកអន្លង់វែង។ ក្នុងកិច្ចពិភាក្សានោះ លោកអភិបាលខេត្តឧត្តរមានជ័យបានថ្លែងថា ការជួបជុំនេះ គឺចង់ជំរុញការទំនាក់ទំនងល្អ ក្នុងនាមខេត្តជាប់ព្រំដែន ដាក់ចេញទិសដៅអភិវឌ្ឍន៍តំបន់ព្រំដែន ឲ្យមានការរីកចម្រើនតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា និង លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រៃថៃ។
លោក ស ថាវី បានមានប្រសាសន៍បន្តទៀតថា រូបលោក និងលោកអភិបាលខេត្តស៊ីសាកេត បានជួបគ្នាជាច្រើនលើក និងបានដាក់ផែនការមួយចំនួន ហើយក៏បានឯកភាពជាមួយគ្នាផងដែរ តែដោយសារក្រុមបច្ចេកទេសអនុវត្តន៍យឺតយ៉ាវ ទើបមានកិច្ចការខ្លះនៅសេសសល់ដល់ពេលបច្ចុប្បន្ន។
លោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានលើកឡើងបញ្ហា ៣ចំណុចមកជំរាបភាគីថៃ៖
ទី១. ពាក់ពន្ធ័បញ្ហា ដែលដាក់អូស្កូ ដើម្បីសម្រួលការងាររបស់មន្ត្រីនៅព្រំដែន។
ទី២. ត្រូវចុះពិនិត្យមើលបន្ថែមទៀត នៅចំណុចអភិវឌ្ឍ ព្រោះច្រកអន្តរជាតិ នឹងឈានដល់តំបន់អាស៊ានខាងមុខនេះ។ ភាគីទាំង ពីរពិភាក្សាពីការកំណត់ភាគីថៃ ធ្វើត្រឹមណា ភាគីកម្ពុជាធ្វើត្រឹមណា។
ទី៣. អ្វីដែលមានស្រាប់ត្រូវរក្សាទុកនៅដដែល ហើយអ្វីដែលបានឯកភាពគ្នា នឹងចុះទៅពិនិត្យ ដើម្បីឯកភាពគ្នាហើយរក្សាផ្លូវចេញចូលដូចច្រកជប់គរគី។
លោកអភិបាលខេត្តឧត្តរមានជ័យបានថ្លែងថា នៅក្នុងកិច្ចពិភាក្សានាព្រឹកមិញនេះ គឺជាការល្អសម្រាប់ប្រទេស និង ប្រជាជន នៃប្រទេសទាំងពីរ និង ដើម្បីការគាំទ្រតាមគោលការណ៍ណែនាំ របស់សម្តេចតេជោ និងលោក ប្រាយុទ្ធ ចាន់អូចា ដែលបានជុំរុញឲ្យមានការអភិវឌ្ឍតាមច្រកអន្តរជាតិ។
លោក ស ថាវី ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ បានចេញចូលរាល់ថ្ងៃ ជួយបង្កលក្ខណៈដល់ប្រជាពលរដ្ឋ ដែលមានជំងឺឲ្យគាត់បានចូលទៅពិនិត្យជំងឺដោយស្រួល និងសុំដាក់ប៉ុស្តិ៍សុខភាពនៅច្រក ដើម្បីងាយស្រួលប្រជាពលរដ្ឋដែលមានជំងឺ។
ជាការឆ្លើយតបលោក យុទ្ធ ណាវីរីយៈគិត្តិអភិបាល ខេត្តស៊ីសាកេតបានសន្យាថា នឹងបើកច្រករាល់ថ្ងៃ បើប្រជាពលរដ្ឋ និងការដឹកទំនិញមានកសរកើនឡើង តែពេលនេះសាកល្បង៣ថ្ងៃសិន គឺថ្ងៃអង្គារ ព្រហស្បតិ៏ និងថ្ងៃអាទិត្យ ចំពោះអូស្កូរវិញ នឹងដាក់ក្នុងពេលឆាប់ៗខាងមុខនេះ៕