(ព្រះសីហនុ)៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង១៤៖៤០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសនូវសារធាតុញៀនមួយកន្លែង ដែលមានទីតាំងនៅចំណុចចំការខ្នុរ ក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ឈ្មោះ ប៊ុន មីដូ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាអ្នកបើកបរ។ ជនសង្ស័យ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
កម្លាំងនគរបាល បានដកហូតវត្ថុតាងមួយចំនួន រួមមាន៖
* ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១០កញ្ចប់ (ធំ ០៦កញ្ចប់ តូច ០៤កញ្ចប់)។
* ទូរស័ព្ទដៃ ០៣គ្រឿងម៉ាក (OPPO ចំនួន ០២គ្រឿងពណ៌ខ្មៅ និង iPhone ចំនួន ០១គ្រឿងពណ៌ប្រផេះ)។
* កាំភ្លើងខ្លីចំនួន ០២ដើមម៉ាក (រ៉ូលូ បាញ់គ្រាប់ពិតចំនួន ០១ដើម គ្រាប់ ចំនួន ១០គ្រាប់ និងLook ប្រើហ្គេសចំនួន ០១ដើម)។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្លាំងជំនាញកំពុងស្រាវជ្រាវមុខសញ្ញាករណីគ្រឿងញៀននេះបន្តទៀត៕