(ភ្នំពេញ)៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋខ្មែរចំនួន ១៧នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន កាលពីពេលថ្មីៗនេះ ដោយសារល្មើសនឹងវិធានការរបស់រាជរដ្ឋាភិបាលថៃ ខណៈប្រទេសនេះ កំពុងប្រកាសដាក់ប្រទេសស្ថិតនៅក្នុងភាពអាសន្ន ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះថា ប្រជាពលរដ្ឋខ្មែរទាំង ១៧នាក់នោះ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនដោយសារជួបជុំគ្នាផឹកស៉ី។
លោកបានឲ្យដឹងដែរថា យ៉ាងណាក៏ដោយក្នុងចំណោមអ្នកត្រូវបានចាប់ខ្លួន មានមនុស្សចំនួន ១៤នាក់ ត្រូវបានអនុញ្ញាតឲ្យទៅផ្ទះវិញ (កន្លែងស្នាក់នៅក្នុងប្រទេសថៃ) ព្រោះពួកគេបានយល់ព្រមបង់ប្រាក់ពិន័យ ចំនួន៤ម៉ឺនបាត (ប្រហែល ១៣០០ដុល្លារអាមេរិក) ខណៈ៣នាក់ទៀត ត្រូវបានកសាងនីតិវិធីទៅតុលាការ ព្រោះមិនបង់ប្រាក់ពិន័យ។
លោក កុយ គួង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គាត់ទៅជួបជុំទទួលទានគ្រឿងស្រវឹង ឬផឹកស៉ីជុំគ្នា គេបានឃាត់ខ្លួន ១៧នាក់ ហើយក្នុងច្បាប់ថៃ កាលណាបំពានច្បាប់គេ ត្រូវតែបង់ពិន័យ ហើយបង់ពិន័យតាមខ្ញុំដឹង ៤ម៉ឺនបាត ដូច្នេះកន្លងមក ក្នុង១៧នាក់នោះ មាន១៤នាក់ បានបង់រួចហើយ ដូច្នេះគេបានដោះលែងឲ្យមកកន្លែងស្នាក់នៅវិញ។ រីឯ ៣នាក់ទៀត តាមដឹងគាត់មិនព្រមបង់ ដូច្នេះហើយគេរៀបចំនីតិវិធីទៅតុលាការ»។
បើតាមលោក កុយ គួង ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កំពុងតាមដានករណីពលរដ្ឋខ្មែរ ៣នាក់ទៀត ដែលអាជ្ញាធរថៃបញ្ជូនទៅតុលាការ។ លោកយល់ថា យ៉ាងណាក៏ដោយ តុលាការថៃ នឹងមិនដាក់ទោសទណ្ឌដល់ពួកគាត់ទេ ហើយអាចនឹងសម្រេចឲ្យពលរដ្ឋខ្មែរទាំង ៣រូបនោះ បង់ប្រាក់ពិន័យតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលថៃ បានបន្តប្រកាសដាក់ប្រទេសឲ្យស្ថិតក្នុងភាពអាសន្ន ចំនួន១ខែបន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ប្រទេសនេះ ក៏បានដាក់ចេញវិធានការមួយចំនួន ក្នុងនោះប្រសិនបើជនណាល្មើស នឹងមានទោសជាប់ពន្ធនាការ១ឆ្នាំ ឬពិន័យជាប្រាក់ប្រមាណ ៤ម៉ឺនបាត។
ថ្មីៗនេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសថៃ មេត្តាបន្តចូលរួមសហការអនុវត្តន៍វិធានការនានា និងបម្រាមគោចរដែលដាក់ចេញដោយរាជរដ្ឋាភិបាលថៃ ឲ្យមានប្រសិទ្ធភាព និងសូមរក្សាសុខភាពអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការវឹករាលដាលជំងឺកូវីដ១៩៕