(ព្រះសីហនុ)៖ ផ្សារវាលរេញមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រ នៃទីប្រជុំជនស្រុព្រៃនប់ ខេត្តព្រះសីហនុ។ ផ្សារនេះត្រូវបានបង្កើតជាយូរយាណាស់មកហើយ ដោយមានអាជីវករជាច្រើនកុះករកំពុងលក់ដូរ។
ផ្សារវាលរេញមានដំបូលប្រក់សង្ក័សី និងជាកន្លែងប្រជាជនក្នុងតំបន់ដោះដូរផលិតផលក្នុងស្រុកយ៉ាងមមារញឹករាល់ថ្ងៃ។ ក្រៅពីនេះ អ្នកដំណើរឆ្លងកាត់ចេញចូលខេត្តព្រះសីហនុ ក៏តែងឈប់ទិញទំនិញផ្សេងៗនៅផ្សារនេះជាហូរហែដែរ ដូចជាគ្រឿងសមុទ្រជាដើម។
ដោយមើលឃើញសភាពជាក់ស្តែងមានភាពហប់ក្តៅស្អុះជាពិសេសនៅរដូវប្រាំង ទន្ទឹមនឹងសំណូមពររបស់អាជីវករក្នុងផ្សារផងនោះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ តាមរយៈលោក លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ និងជាក្រុមការងារចុះជួយស្រុកព្រៃនប់ បានសម្រេចបំពាក់កង្ហារបឺតកំដៅជូនផ្សារវាលរេញ ដើម្បីជួយបន្ធូរបន្ថយបរិយាកាសក្តៅស្អុះស្អាប់ក្នុងផ្សារនេះ។
បច្ចុប្បន្នកង្ហារសម្រាប់បបឺតកំដៅជាច្រើនគ្រឿងត្រូវបានបំពាក់រួចរាល់ជាស្ថាពរ។ អាជ្ញាធរក្នុងតំបន់ និងអាជីវករក្នុងផ្សារបានសំដែងក្តីត្រេកអរជាខ្លាំងផងដែរ ចំពោះការជួយគិតគូរនេះ។
អាជីវករបាន និយាយថា ឥលូវនេះនៅក្នុងផ្សារមិនសូវក្តៅដូចមុនទេតាំងពីបំពាក់កង្ហារបឺតនេះមក។ ពួកគាត់បាននិយាយទៀតថា ពេលនេះវាបានកាត់បន្ថយកំដៅបានមួយចំណែក និងធ្វើឲ្យមានពន្លឺភ្លឺជាងមុនដែរ។
លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ ក៏ដូចជាអាជីវករនៅផ្សារវាលរេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សាយ សាយ សំអាល់ និងលោក លូ គឹមឈន់ ដែលតែងបានគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាជន និងអាជីវករក្នុងផ្សារក្នុងមូលដ្ឋានស្រុកព្រៃនប់នេះ៕