(ព្រៃវែង)៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជន មានតួនាទីយ៉ាងសំខាន់ក្នុងរុញកំណើនសេដ្ឋកិច្ចជាតិ ដោយតែងតែខិតខំលើកទឹកចិត្ត ទាំងអ្នករកស៊ីក្នុងស្រុក និងក្រៅស្រុកឲ្យបណ្តាក់ទុនរកស៊ី ដោយមួយផ្នែកដើម្បីបង្កើតការងារជូនពលរដ្ឋ និងមួយផ្នែកធំទៀត ដើម្បីបង់ពន្ធសម្រាប់ចំណូលថវិកាជាតិ។
ដើម្បីគាំទ្រ និងបង្កបរិយាកាសវិនិយោគ ងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម ដឹកជញ្ជូនទំនិញឆ្លងកាត់របស់អ្នករកស៊ី រាជរដ្ឋាភិបាលបានខិតខំ បើកច្រកព្រំដែនរវាងប្រទេសជិតខាងឲ្យកាន់តែមានចំនួនច្រើនឡើង និងអនុញ្ញាតឲ្យអ្នករកស៊ីធ្វើពាណិជ្ជកម្មដឹកជញ្ជូនទំនិញដោយស្មើភាព ដោយគ្មានការរើសអើង ឬផ្តាច់មុខនោះឡើយ។
ជាមួយគ្នានេះ ដោយមើលឃើញឱកាសក្នុងការធ្វើពាណិជ្ជកម្មជាមួយវៀតណាម ដែលមានតម្រូវការសត្វគោក្របីនោះ ក្រុមហ៊ុនមួយបានសម្រេចរកស៊ី ដឹកជញ្ជូនសត្វគោក្របីនេះ ពីប្រទេសថៃកាត់ប្រទេសកម្ពុជា ឆ្លងទៅប្រទេសវៀតណាម តាមច្រកព្រំដែនខេត្តព្រៃវែង។ ក្រុមហ៊ុនអ្នករកស៊ីដឹកជញ្ជូនឆ្លងកាត់ សត្វគោក្របី ពីប្រទេសថៃទៅ ប្រទេសវៀតណាម បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន មានមានគោលការណ៍អនុញ្ញាតពីក្រសួងកសិកម្ម និងលិខិតអនុញ្ញាតដឹកជញ្ជូនសត្វ ពីអគ្គនាយកដ្ឋានសុខភាពសត្វត្រឹមត្រូវ តាមច្បាប់ទាំងអស់។
តំណាងក្រុមហ៊ុន សុំស្នើដល់អាជ្ញាធររដ្ឋបាលខេត្តព្រៃវែង មេត្តាជួយបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនរបស់ខ្លួន ឲ្យដូចគ្នានឹងក្រុមហ៊ុនដទៃទៀត ក្នុងការប្រកបរបររកស៊ី។
ច្រកទ្វារមួយដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកមកគឺសំរាប់ប្រជាជនក៏ដូចជាឲ្យក្រុមហ៊ុន ដែលបានចុះបញ្ជីស្របច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងអស់គ្នារកស៊ីបានដោយសុច្ចរិតត្រឹមត្រូវ និងតម្លាភាពទាំងអស់គ្នា។
ការឲ្យក្រុមហ៊ុនមួយឲ្យរកស៊ីបាន ហើយបិទសិទ្ធិក្រុមហ៊ុនដទៃទៀត គឺជាទង្វើមួយដែលប៉ះពាល់ដល់ការប្រកួតប្រជែង និងប្រាក់ចំណូលរបស់សេដ្ឋកិច្ចជាតិយ៉ាងខ្លាំង ពីព្រោះកាលណាក្រុមហ៊ុនផ្សេងៗទៀត មានសកម្មភាពនាំចេញប្រាក់ចំណូលពន្ធគយ ក៏កើនឡើងដូចគ្នាផងដែរ។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News តាមទូរស័ព្ទនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ លោក សួន សុម៉ាលីន អភិបាលរង ខេត្តព្រៃវែង ទទួលផ្នែកសេដ្ឋកិច្ច បានឲ្យដឹងថា «ចក្រអន្តរជាតិ បន្ទាយចក្រី មិនមានឲ្យនរណាធ្វើអាជីវកម្មផ្តាច់មុខនោះទេ នរណាក៏មានសិទ្ធិចេញចូលបានដែរ ឥវ៉ាន់ស្អីៗ ឲ្យតែមានច្បាប់ត្រឹមត្រូវ យកឯកសារទៅបង្ហាញសមត្ថកិច្ច ដែលនៅឈរជើងនៅទីនោះទៅ»។ លោកបន្ថែមថា រដ្ឋបាលខេត្តស្វាគមន៍ ចំពោះអ្នករកស៊ី ដើម្បីជួយជំរុញចំណូលថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។
ទោះជាយ៉ាងណាក្តីអ្នករកស៊ី នាំចេញគោក្របី ឆ្លងកាត់ពីថៃទៅវៀតណាម នៅតែសំណូមពរយ៉ាងទទូច ដល់អាជ្ញាធរខេត្តជួយផ្តល់ភាពក្តៅ និងចាត់ទុកអ្នករកស៊ីដូចជាកូនជាចៅ ផ្តល់នូវការគាំពារ តម្លាភាព ដោយមិនរើសអើង៕