(ស្ទឹងត្រែង)៖ លោក ផៃ ប៊ុនឈឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងលោក ម៉ុម សារឿន អភិបាលខេត្ត រួមទាំងក្រុមការងារនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បាននាំយកឧបករណ៍យុទ្ធនាការ បង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ជូនមន្ទីរសុខាភិបាលខេត្ត ដើម្បីយកទៅប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ដែលកំពុងមានការរីករាលដាល ក្នុងប្រទេសកម្ពុជា និងសកលលោក។

លោក ផៃ ប៊ុនឈឿន បានបន្តថា សម្ភារយុទ្ធនាការ បង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលផ្តល់ផ្តល់ជូនមន្ទីរសុខាភិបាលខេត្តនាពេលនេះ មន្ទីរអាចយកទៅចាត់ចែងប្រើប្រាស់តាមតម្រូវការរបស់ខ្លួន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺប្រភេទថ្មីកូវីដ១៩ បើទោះបីជំងឺនេះមើលទៅហាក់បីដូចមានការថយចុះករណីវិជ្ជមានអ្នកឆ្លងនៅកម្ពុជាយ៉ាងណាក្តី។

ជាមួយគ្នានេះដែរ លោក ផៃ ប៊ុនឈឿន បានណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់មន្តយកចិត្តទុកដាក់ តាមដានអំពីសុខភាពរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងបន្តយុទ្ធនាការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឲ្យបានដឹងទូលំទូលាយអំពីវិធានការការពារ ខ្លួនកុំឲ្យមានការឆ្លងវីរុសកូរ៉ូណាឬកូវីដ១៩ ដ៏កាចសាហាវនេះ។

សូមបញ្ជាក់ថា សម្ភារដែលបានផ្តល់ជូនមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងនៅពេលនេះរួមមាន៖ ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ចំនួន០១គ្រឿង, ទឹកថ្នាំសម្លាប់មេរោគចំណុះ៤០លីត្រ ចំនួន ២៥ប៊ីដុង ស្មើនឹង១.០០០លីត្រ។

ឆ្លៀតឱកាសនេះ លោកបានបន្តផ្តល់នូវគ្រប់ពូជ និងសម្ភារមួយចំនួន ដល់ក្រុងស្ទឹងត្រែង និងស្រុកសេសាន ដោយក្នុង១ក្រុង ស្រុក ទទួលបាន៖ គ្រាប់ពូជបន្លែ ចំនួន៥០គីឡូក្រាម, ស្រូវពូជ ចំនួន១៥០គីឡូក្រាម, ម៉ាស់ ចំនួន១៥ប្រអប់ ស្មើនឹង៧៥០ម៉ាស់, ទឹកអាល់កុល ចំនួន៣០លីត្រ, និងសាប៊ូដុំលាងដៃ ចំនួន៣០ដុំ៕