(ភ្នំពេញ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា រាជរដ្ឋាភិបាលត្រៀមថវិកា ៣០០លានដុល្លារសម្រាប់បម្រុងជួយគាំពារសង្គម និងសន្តិសុខស្បៀងក្នុងអំឡុងពេលវិបត្តិកូវីដ-១៩។

លោកស្រី ជូ ប៊ុនអេង បានថ្លែងបែបនេះនៅទី២៩ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បើកកិច្ចប្រជុំស្តីពីកិច្ចសហការក្នុងការឆ្លើយតបនឹងវិបត្តិកូវីដ១៩ ក្នុងចំណោមពលករចំណាកស្រុក និងសហគមន៍ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីទីភ្នាក់ងារអង្គការ សហប្រជាជាតិ ថ្នាក់ដឹកនាំនិងមន្រ្តីនៃអង្គការ IOM ព្រមទាំងស្ថាប័ន អង្គការដៃគូជាតិ អន្តរជាតិពាក់ព័ន្ធជាច្រើន។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងទៀតថា ថវិកាប្រហែល ៣០០លានដុល្លារអាមេរិកនេះ នឹងត្រៀមបម្រុងជាជំនួយគាំពារសង្គម ក៏ដូចជាសន្តិសុខស្បៀង ដែលគ្រោងនឹងដំណើរការអនុវត្តន៍ នៅចុងខែឧសភា ឬដើមខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។ លោកស្រីបន្តថា ទោះបីជារាជរដ្ឋាភិបាលត្រៀមបម្រុង ដល់ពលករខ្វះខាតយ៉ាងណាក៏ដោយ ក៏ការផ្តល់ជូនការឧបត្ថម្ភនេះ គ្រាន់តែជាការដោះស្រាយបញ្ហាជួយសម្រាល ប៉ុន្តែពលករខ្វះខាតត្រូវតែគិតអំពីលទ្ធភាពឲ្យបានគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ខ្លួនឯងបន្ថែមនៅក្នុងការរស់នៅ។

លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កាលពីពេលប្រជុំកន្លងទៅ លោកអគ្គលេខាធិការ (គ.ជ.ប.ជ) បានលើកឡើងថា យើងកំពុងតែពិនិត្យលើកញ្ចប់ថវិកា រៀបចំជាបញ្ជី ប្រហែលជាក្នុងចុងខែ៥ ឬដើមខែ៦អីហ្នឹង យើងនឹងមានលទ្ធផលនៃការបើកផ្តល់។ ខ្ញុំមិនហ៊ានអះអាងថា តើដៃគូយើងជួយប៉ុន្មាន យើងជួយប៉ុន្មាន គ្រាន់តេដឹងថា ពេលនេះដល់ដាច់ឆ្នាំ ត្រូវការលុយប្រហែល ៣០០លានដុល្លារ»

បើតាមលោកស្រី ជូ ប៊ុនអេង រាជរដ្ឋាភិបាលកម្ពុជា ថែមទាំងបានគិតគូរទាំងពលករដែលកំពុងនៅក្រៅប្រទេស និងក្នុងប្រទេស។ បើនិយាយពីពលករនៅក្រៅប្រទេសត្រូវជាបន្ទុករបស់ ប្រទេសគោលដៅ ក្នុងការទំនុកបម្រុងពួកគាត់ពេលខ្វះខាត ក្នុងអំឡុងមានវិបត្តិកូវីដ១៩ ប៉ុន្តែបើនិយាយពីពលករដែលចូលមកក្នុងស្រុកវិញ គឺជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាតែម្តង។

លោកស្រីថ្លែងថា រាជរដ្ឋាភិបាលមានគោលនយោបាយរួចហើយ នៅក្នុងការផ្តល់ជំនួយគាំពារសង្គម ក៏ដូចជាការគិតគូរលើកកម្ពស់ជីវភាព នៃការរស់នៅរបស់ពលករទេសន្តរប្រវេសន៍ លើបញ្ហាសន្តិសុខស្បៀង។ ចំពោះសកម្មភាព នៃការអនុវត្តគោលនយោបាយនោះ គឺជាសកម្មភាពថ្នាក់ជាតិតែម្តង បានន័យថា ទាំងការការពារកូវីដ១៩ និងលើកកម្ពស់សុខភាព គឺក្រសួងសុខាភិបាល របស់លោក ម៉ម ប៊ុនហេង ដឹកនាំធ្វើការផ្នែកនេះ។

ដើម្បីធ្វើការងារនេះឲ្យបានល្អ រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងសហការជាមួយអង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក (WHO) និងក្រុមការងារប្រយុទ្ធប្រឆាំងជំងឺឆ្លងអាមេរិក (CDC) ផងដែរ។ ចំណែកឯក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើរតួនាទីសំខាន់ ដើម្បីគិតគូរទៅដល់ការផ្គត់ផ្គង់ ការត្រៀមបម្រុងនូវស្បៀង ក៏ដូចជាការគាំពារសង្គម ដែលគ្រោងនឹងមានការចុះឈ្មោះប័ណ្ណក្រីក្របន្ថែមទៀត ព្រោះថាត្រូវមានពលករចំណាកស្រុកចូលស្រុកវិញ ដែលមានការ ខ្វះខាត ត្រូវទទួលបានប័ណ្ណក្រីក្រ ដើម្បីទទួលបានការគាំពារសន្តិសុខស្បៀង។

យោងតាមសុន្ទរកថារបស់លោកស្រី ជូ ប៊ុនអេង បានឲ្យដឹងថា កិច្ចប្រជុំស្តីពីកិច្ចសហការក្នុងការឆ្លើយតបនឹងវិបត្តិ កូវីដ១៩ ក្នុងចំណោមពលករចំណាកស្រុក និងសហគមន៍ ត្រូវបានធ្វើឡើងដើម្បីស្វែងរកការចូលរួមពីដៃគូរអភិវឌ្ឍន៍ និងសង្គមស៉ីវិល ឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ លើជនទេស្តរប្រវេសន៍ និងសហគមន៍ ក្នុងព្រះរាជាណាចក្រកម្ពុជា ផ្លាស់ប្តូរបទពិសោធន៍ក្នុងសកម្មភាពតាមសហគមន៍របស់អង្គការដៃគូរ និងមេរៀនទទួលបាន និងសម្រេចលើគោលការណ៍សកម្មភាពរួមគ្នា ដែលត្រូវអនុវត្តន៍ នៅតាមបណ្តាសហគមន៍ ដែលមានជនទេស្តរប្រវេសន៍វិលត្រឡប់ ប្រឈមនឹងការខ្វះខាត ដើម្បីលើកកម្ពស់សុខភាព និងកិច្ចការពារ ព្រមទាំងដើម្បីលើកកម្ពស់សុវត្ថិភាពស្បៀង និងជីវភាពរស់នៅផងដែរ។

លោកស្រីបានបន្ថែមថា កិច្ចប្រជុំនេះពិភាក្សាគ្នាលម្អិតបន្ថែមលើការធ្វើបច្ចុប្បន្នភាពលើយន្តការរបស់រាជរដ្ឋាភិបាល ស្តីពីការឆ្លើយតបនូវគម្រោងក្នុងការឆ្លើយតបចំពោះកូវីដ១៩ និងការវិលត្រឡប់របស់ជនចំណាកស្រុក ដោយផ្អែកលើលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋាភិបាល និងក្រុមការងារអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ផងដែរ។ ជាងនេះទៀត កិច្ចប្រជុំនេះផ្តល់ឱកាសឲ្យអង្គប្រជុំទាំងមូល ចែករំលែកបទពិសោធន៍ និងគំនិតសំខាន់ៗ ឬក៏ជាសំណូមពរនានា ដើម្បីពិភាក្សារកចំណុច ឬក៏គោលបំណងរួមសម្រាប់ធ្វើកិច្ចសហការរួមគ្នាបន្ត ធ្វើយ៉ាងណាដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ ដែលកំពុងរីករាលដាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕