(ភ្នំពេញ)៖ ម្ចាស់ផលិត DP លោក កុយ ស៊ីឌឿន ដែលមានសកម្មភាពច្រើនក្នុងសិល្បៈ ត្រូវបានគេកត់សម្គាល់ឃើញថា បន្ទាប់ពីទទួលបានតំណែងថ្មី ជាឯកឧត្តមមក គេសឃើញលោកបានចំណាយថវិកា ជួយដល់សង្គមក្នុងសកម្មភាពមនុស្សច្រើនជាបន្តបន្ទាប់ ដើម្បីជាចំណែមួយចូលរួមជួយសង្គមជាតិ ជាមួយនឹងថ្នាក់ដឹកនាំ។
ម្ចាស់ផលិតកម្ម DP ដែលត្រូវគេស្គាល់ថា គឺជាតារាចម្រៀងមួយរូបផង លោក កុយ ស៊ីឌឿន និង ភរិយា លោកស្រី ហួត សុភាព បានបរិច្ចាគរហូតដល់ជិត២០លានរៀល ស្មើនឹងជាង៤ពាន់ដុល្លារ ត្រឹមតែរយៈពេលប៉ុន្មានបន្តបន្ទាប់គ្នា។ នេះមិនរាប់បញ្ចូលការចំណាយ លើគម្រោងបរិច្ចាគផ្សេងៗ ដែលលោកបានធ្វើជាមួយនឹងក្មេងៗកំព្រា និងជាមួយក្រុមអ្នកមានជីវភាពខ្សត់ខ្សោយ រាប់មិនអស់ផ្សេងទៀតនោះផង ពោលគឺអាចនិយាយបានថា តាំងពីឡើងតំណែងជាឯកឧត្តមផ្លូវការ នៅក្នុងក្រសួងមួយនេះ គឺលោកកាន់តែសកម្មក្នុងការចូលរួមជួយដល់សង្គម។
ការបរិច្ចាគដែលត្រូវបានគេចាប់អារម្មណ៍ នាពេលថ្មីៗនេះ រួមមានបរិច្ជាគជួយកាកបាទក្រហមកម្ពុជា ចំនួន៣ពាន់ដុល្លារ ស្មើនឹង១២លានរៀល និងបរិច្ចាគជួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន៥លានរៀលផ្សេងទៀត។ នេះគឺជាការលះបង់មួយគួរឲ្យសរសើរ ដែលម្ចាស់ក្លិបសិល្បៈ DP រូបនេះ បានចូលរួមគិតគូរដល់សង្គម នៅក្នុងកាលៈទេសៈ ដែលពិភពលោក ជាពិសេសកម្ពុជាមានការប៉ះពាល់ពីជំងឺផ្លូវដង្ហើមមួយនេះ។
យ៉ាងណាមិញ នេះមិនមែនជាការចូលរួមរបស់លោក ជាមួយកាកបាទក្រហមកម្ពុជា និងជាមួយរដ្ឋាភិបាលលើកដំបូងនោះទេ ដោយស្ទើររាល់ឆ្នាំលោកតែងចូលរួមបែបនេះ គ្រាន់តែក្នុងឆ្នាំនេះ លោកហាក់បរិច្ចាគបណ្ដាក់គ្នាញឹកញាប់ជាងមុន ឆ្លើយតបទៅនឹងកង្វះខាតជាក់ស្ដែង ដែលលកម្ពុជារងផលប៉ះពាល់ នាពេលបច្ចុប្បន្ន៕