(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ របាយការណ៍ពីក្រសួងសុខាភិបាល បានបង្ហាញឲ្យដឹងថា សប្បុរជននានាដែលបានចូលរួមជួយឧបត្ថម្ភ ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានកើនដល់ ១៤,០១១,៥៥៧ ដុល្លារសហរដ្ឋអាមេរិក។

របាយការណ៍ពីក្រសួងសុខាភិបាល​ក៏បានបញ្ជាក់ផងដែរថា ថវិកាចំណូលទាំងអស់ ១៤,០១១,៥៥៧.០៤ ដុល្លារសហរដ្ឋអាមេរិក (គិតត្រឹមថ្ងៃទី២៨ មេសានេះ) បានចំណាយក្នុងការបញ្ជាទិញសម្ភារៈពេទ្យផ្សេង អស់ចំនួន ៧,៥១០,៥៤៦.៥៦ដុល្លារ នៅសល់ចំនួន ៦,៥០១,០១០.៤៨ដុល្លារអាមេរិក។

ក្រៅពីសប្បុរសជននានាចូលរួមឧបត្ថម្ភ, គិតត្រឹមថ្ងៃទី២៨ ខែមេសា មានថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈចំនួន ៦៦ ៧១៤នាក់ មកពីក្រសួង ស្ថាប័ន ចំនួន៤១ បានចូលរួមវិភាគទានប្រាក់បៀវរត្សដោយស្ម័គ្រចិត្ត ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយមានចំនួនទឹកប្រាក់សរុប កើនដល់ ៣៨ ​១៦៥​ ០៥៣ ៣៦៧រៀល ឬប្រហែល ៩.៣លានដុល្លារសហរដ្ឋអាមេរិក។

ដូច្នេះទឹកប្រាក់ដែលបានជួយដល់មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ រួមមានពីរប្រភព៖

ទី១៖ ឧបត្ថម្ភពីសប្បុរសជននានា សរុបចំនួន ១៤,០១១,៥៥៧ ដុល្លារសហរដ្ឋអាមេរិក។
ទី២៖ ថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈបរិច្ចាគប្រាក់បៀរវត្ស ចំនួន ៣៨ ​១៦៥​ ០៥៣ ៣៦៧រៀល ឬប្រហែល ៩.៣លានដុល្លារសហរដ្ឋអាមេរិក៕