(ប៉ៃលិន)៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលអភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក ចេង ញ៉ាន់ និងលោកស្រី ជា លាភ អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះដោះស្រាយផលប៉ះពាល់ និងពិនិត្យមើលការដ្ឋានជួសជុលផ្លូវក្រួសលាយល្បាយថ្មភ្នំ ១ខ្សែ ប្រវែងជាង ៦គីឡូម៉ែត្រ ស្ថិតនៅភូមិអូរសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូនិ) ដើម្បីពន្លឿនការស្ថាបនា ឱ្យសម្រេចបានទៅការគ្រោងទុក។

លោក ផាន់ ចាន់ធុល បានលើកឡើងថា ការជួសជុលផ្លូវ ១ខ្សែនេះ គឺមានតួនាទីសំខាន់ណាស់ ដោយជួយសម្រួលបានមួយកម្រឹត ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសិក្សារបស់ក្មួយៗសិស្សានុសិស្សផងដែរ ដូច្នេះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាលបានផ្តល់ជំនួយយ៉ាងច្រើន សន្ធឹកសន្ធាប់ ក្នុងការចូលរួមចំណែកស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា តាំងពីដើមឡើយរហូតដល់បច្ចុប្បន្ន។

អភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ដែលបង្កបរិយាកាស ដល់ការសហការជាមួយដៃគូនានា ដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វើឱ្យ ប្រទេសជាតិឱ្យការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើម។

ក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលនៅសងខាងផ្លូវ និងប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។

បើតាមរបាយការណ៍របស់ លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា៖ ផ្លូវក្រួសលាយល្បាយថ្មភ្នំ ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូនិ) ដែលបានបើកការដ្ឋានជួសជុលកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ គឺមានប្រវែង ៦៣០០ម៉ែត្រ ទទឹង ៧ម៉ែត្រ មានសំណង់សិល្បការចំនួន ៧កន្លែង និងគ្រឿងបរិក្ខារចរាចរណ៍មួយចំនួនទៀត ដែលមានប្រជាពលរដ្ឋទទួលផលលើការធ្វើចរាចរណ៍ ចំនួន ៤ភូមិ គឺភូមិអូរសួស្តី ភូមិអូរតាវ៉ៅ ភូមិកូនភ្នំ និងភូមិប៉ាងរលឹម ស្មើនឹងប្រជាជន ចំនួន ៦៩៧២នាក់៕