(ប៉ៃលិន)៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោកស្រី ជា លាភ អភិបាលរងខេត្ត និងលោក ឃ្លោក នួយ អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ទៅឧបត្ថម្ភដល់ម៉ែដោះ និងកុមារកំព្រានៅក្នុងមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ព្រមទាំងផ្សព្វផ្សាយអំពីការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩។

លោក ផាន់ ចាន់ធុល បានលើកឡើងថា បើទោះបីជាបច្ចុប្បន្ន យើងគ្រប់គ្នាកំពុងតែព្រួយបារម្ភពីជម្ងឺកូវីដ-១៩ក្តី ប៉ុន្តែក្មួយៗដែលជាក្មេងកំព្រា មិនឯកោនោះទេ គឺនៅតែទទួលបានការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅពីរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ជាពិសេស ម៉ែដោះ ដែលបានជួយបីបាច់ថែរក្សា និងស្រលាញ់ក្មួយៗ ដូចជាកូនបង្កើតរបស់ខ្លួនឯង។

អភិបាលខេត្ត បានផ្តាំផ្ញើដល់ក្មួយៗកុមារកំព្រាទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ស្តាប់ការណែនាំពីសំណាក់លោកគ្រូ អ្នកគ្រូ និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឫស្សី ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីមានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍខ្លួន ហើយត្រូវតែរឹងប៉ឹង និងជឿជាក់លើខ្លួនឯង ក្នុងការសម្រេចនូវក្ដីសុបិន និងបំណងប្រាថ្នារបស់ខ្លួននាថ្ងៃអនាគត។

នៅក្នុងឱកាសនោះផងដែរលោក ផាន់ ចាន់ធុល ក៏បានណែនាំដល់ម៉ែដោះ និងកុមារកំព្រានៅក្នុងមណ្ឌលកុមារកំព្រាខេត្តទាំងអស់ ត្រូវរស់នៅមានអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលឱ្យ បានញឹកញាប់ ត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងនៅពេលចេញទៅខាងក្រៅ ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ នៅក្នុងសហគមន៍ ហើយបើមានអាការៈសង្ស័យ ណាមួយ ត្រូវប្រញាប់មកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។

សូមបញ្ជាក់ថា អំណោយស្បៀងអាហារ ដែលអាជ្ញាធរខេត្ត ឧបត្ថម្ភដល់មណ្ឌលកុមារកំព្រា នាឱកាសនោះ រួមមាន៖ អង្ករ ៤០០kg មី ១០កេស ទឹកត្រី ០៥យួ ប្រេងឆា ០១កេស ត្រីខ ១០០កំប៉ុង សាប៊ូ Protex ៧២ដុំ អាកុលលាងសម្អាតដៃ ៣០ដប និងម៉ាស ០១ប្រអប់៕