(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានទាំងអស់ បង្កើនការធ្វើអនាម័យជាប្រចាំដើម្បីរួមគ្នាទប់ស្កាត់ជំងឺរាតត្បាត COVID-១៩ ទោះបីជាកម្ពុជាមានអ្នកឆ្លងកម្រិតតិចតួចពិតមែន តែមិនគួរធ្វេសប្រហែសឡើយ ត្រូវបន្តប្រុងប្រយ័ត្នបន្តទៀតទើបប្រសើរ។

លោកស្រី ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាអធិបតីក្នុងពីធីជួបសំណេះសំណាលចែកអំណោយមនុស្សធម៌ដល់ជនងាយរងគ្រោះចំនួន ៧៦គ្រួសារនៅក្រុងស្វាយរៀង នាល្ងាចនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅទៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង។

លោកស្រី ម៉ែន សំអន បានពាំនាំផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្តីនឹករលឹក ដែលជានិច្ចកាលសម្ដេចទាំងទ្វេរតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ក្នុងនាមអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង លោកស្រី ម៉ែន សំអន បានថ្លែងថា អំណោយសប្បុរសធម៌នាថ្ងៃនេះ ក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល និងទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

ក្នុងឱកាសនេះដែរ លោកស្រីក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មីកូវីដ-១៩ ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល។

លោកស្រី ម៉ែន សំអន សំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅចូលរួមថែរក្សាអនាម័យតាមរយៈការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវ ពាក់ម៉ាសនៅពេលទៅណាមកណាដើម្បីការពារពីការឆ្លងនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅលើពិភពលោកផងដែរ។

បើមានបងប្អូនដែលទើបចំណាកស្រុក ត្រូវរាយការណ៍ជូនអាជ្ញាធរដែនដីឲ្យបានដឹង ចំពោះបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេសដែល ត្រូវរស់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ប្រសិនបើ មានអារៈដូចជា ក្តៅខ្លួន ហត់ពិបាកដកដង្ហើម ក្អក ឈឺក្បាល សូមប្រញាប់ទៅជួបគ្រូពេទ្យដែលនៅជិតបំផុតដើម្បីធ្វើការពិនិត្យបន្ទាន់។

លោកស្រីក៏បាននាំអំណោយចែកជូនប្រជាពលរដ្ឋចំនួន ៧៦គ្រួសារ ក្នុង ១គ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ មី ១កេស ត្រីខ ១០កំប៉ុង សាប៊ូ ២ដុំ ក្រម៉ា១ និងថវិកា ៤០,០០០ រៀល៕