(ភ្នំពេញ)៖ ផ្តើមចេញពីការខិតខំប្រឹងប្រែង របស់កងកម្លាំងនគរបាល និងកងកម្លាំងកងរាជអាវុធហត្ថខណ្ឌ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានខណ្ឌ ដើម្បីផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខសាន្ត ដល់ប្រជាពលរដ្ឋ ក្នុងខណ្ឌច្បារអំពៅ ជាពិសេសយុទ្ធនាការអប់រំ ផ្សព្វផ្សាយពីវិធីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងមេរោគ COVID-19 នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ បានលើកទឹកចិត្ត ដល់នគរបាលអធិការខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ ដោយផ្តល់ជូន អង្គភាពនីមួយៗ នូវអង្ករ១០បាវ ស្មើ៥០០គីឡូក្រាម ទឹកសុទ្ធ២០កេស និងថវិកា២លានរៀល ។

ក្នុងពិធីនេះដែរ លោកអភិបាលខណ្ឌ បានថ្លែងកោតសរសើរដល់កងកម្លាំងទាំង២អង្គភាព ដែលបានបំពេញការងារការពារសន្តិសុខសង្គម មានសាមគ្គីភាពផ្ទៃក្នុងល្អ យកចិត្តទុកដាក់ក្នុងការបំរើសេវាសន្តិសុខ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានល្អប្រសើរ ជាពិសេសក្នុងកំឡុងពេលយុទ្ធនាការអប់រំផ្សព្វផ្សាយ ពីវិធីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងមេរោគ COVID-19 ដែលរីករាលដាលជាសកល។

លោកថា សម្រាប់មូលដ្ឋានខណ្ឌច្បារអំពៅ បានអនុវត្តជាប់ជានិច្ច ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយបញ្ជូនកម្លាំងទាំងអស់ ចុះអប់រំផ្សព្វផ្សាយពីវិធីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងមេរោគ COVID-19 ដល់ប្រជាពលរដ្ឋ នៅតាមសង្កាត់ទាំង៨។ ក្នុងនោះ ក្រៅពីកិច្ចការពារសន្តិសុខសង្គម កងកម្លាំងនគរបាល និងកងកម្លាំងកងរាជអាវុធហត្ថខណ្ឌ បានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងមេរោគ COVID-19 ផងដែរ។

ទោះជាមេរោគ COVID-19 មិនមានការាលដាលយ៉ាងណាក្តី តែលោកអភិបាលខណ្ឌ នៅតែផ្តាំផ្ញើដល់កងកម្លាំងទាំង២អង្គភាព ត្រូវចូលរួមអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាល រឿងសំខាន់ដែលយើងត្រូវរួមគ្នាធ្វើគឺ បង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង កុំឲ្យមេរោគ COVID-19 កើតមានតទៅទៀត។ សូមបន្តអនុវត្ត តាមវិធានណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឲ្យខ្ជាប់ខ្ជួនបំផុត ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

ជាមួយគ្នានេះដែរ លោកអធិការនគរបាលខណ្ឌ និងលោកមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌច្បារអំពៅ បានថ្លែងអំណរគុណ លោកអភិបាលខណ្ឌ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ផ្គត់ផ្គង់ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាដល់កងកម្លាំងទាំង២ សម្រាប់ដោះស្រាយការងារនៅក្នុងអង្គភាព៕