(ភ្នំពេញ)៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុនតំណាង ចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុនចនឌារ អេស៊ា ចែកចាយគ្រឿនយន្តកសិកម្មម៉ាកចនឌារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីប្រគល់ជូន ម៉ាស៊ីនត្រាក់ទ័រ ចនឌារមួយគ្រឿង ជូនដល់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងធនធានអ្នកបច្ចេកទេស នៃគ្រឹះស្ថានឧត្តមសិក្សា នៅក្នុងប្រទេសកម្ពុជា ក៏ដូចជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានបច្ចេកវិទ្យាជាមួយនឹង ក្រុមហ៊ុន អ អិម អេ ខេមបូឌា ព្រមទាំងក្រុមហ៊ុន ​ចនឌារ អេស៊ា។

លោកស្រី ប្រាក់ ឆៃកល្យាណ តំណាងក្រុមហ៊ុន អ អិម អេ ខេមបូឌា និងក្រុមហ៊ុនចនឌារ អេស៊ាបានមានប្រសាសន៍ថា«ជាការឆ្លើយតបជាមួយនឹង តម្រូវការអភិវឌ្ឍធនធានបច្ចេកទេស នៃគ្រឹះស្ថានឧត្តមសិក្សា នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដើម្បីចូលរួមចំណែកគាំទ្រ ដល់កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជាជាមួយនឹងក្រុមហ៊ុន អ អិម អេ ខេមបូឌា ព្រមទាំងក្រុមហ៊ុន ចនឌារ អេស៊ា នាងខ្ញុំមានក្តីសោមនស្សរីករាយ ជាទីមោទន ដែលនឹងសូមប្រកាស ប្រគល់អំណោយម៉ាស៊ីនត្រាក់ទ័រម៉ាក ចនឌារ ម៉ូដែល 6110B ដែលមានតម្លៃគិតជាទឹកប្រាក់ ប្រហែលជាងពីរម៉ឺនដុល្លារ ជូនដល់ដេប៉ាតឺម៉ង់ឧស្សាហកម្ម និងមេកានិច នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍ ធនធានអ្នកបច្ចេកទេស ជាពិសេសក្នុងវិស័យគ្រឿងយន្តកសិកម្ម នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងលូតលាស់យ៉ាងខ្លាំង»។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា ជាក្រុមហ៊ុននាំចូលផ្តាច់មុខ និងចែកចាយគ្រឿងយន្ត កសិកម្មម៉ាកចនឌារ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ត្រាក់ទ័រ ចនឌារ ជាច្រើនស៊េរី និងម៉ូដែលដែលមានកម្លាំងសេះ ចាប់ពី ៤៥សេះ រហូតដល់ ៣២០សេះ ត្រូវបាននាំចូល និងចែកចាយសម្រាប់បំពេញ តម្រូវការកសិកម្មគ្រប់ប្រភេទ ទាំងកសិកម្មខ្នាតតូច មធ្យម និងកសិឧស្សាហកម្មធំៗ។

បន្ថែមពីការលក់ ក្រុមហ៊ុនក៏បាននាំចូល និងចែកចាយនូវគ្រឿងបន្លាស់សុទ្ធ និងមានសេវាកម្មជាងជួសជុល ទូទាំងប្រទេសជូនដល់អតិថិជនតាមតម្រូវការផងដែរ។
សម្រាប់ពត៌មានបន្ថែមទាក់ទងនឹងការប្រឹក្សា និងការទិញគ្រឿងយន្តកសិកម្មម៉ាក ចនឌារ សូមទំនាក់ទំនងផ្ទាល់មកកាន់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដែលមានទីតាំងស្ថិត នៅអាគារលេខ ០៤០៧៥ ផ្លូវ២០០៤ (ម៉ៃដា) សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ ឬអតិថិជនទាំងអស់អាចទូរស័ព្ទ មកលេខ ០៩៥ ៦៦៦ ៥៥២/ ០២៣ ៨៨២ ៤៦៤/ ០២៣ ៨៨៨ ៨៩០៕