(ព្រៃវែង)៖ ក្រុមហ៊ុនទឹកពិសាវីតាល់ បាននាំយកចង្ហាន់ និងបច្ច័យមួយចំនួនទៅប្រគេនជូនព្រះសង្ឈ ដែលគង់នៅវត្តសិរីឧត្តម ក្នុងខេត្តព្រៃវែង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ខណៈចំនួនពុទ្ធបរិស័ទ ដែលតែងមកយកចង្ហាន់មកវត្តបានធ្លាក់ចុះយ៉ាងខ្លាំង ពេលមានការរីករាលដាលវីរុសកូវីដ-១៩។
ចង្ហាន់ដែលក្រុមហ៊ុនវីតាល់ បានប្រគេនរួមមាន៖ ទឹកពិសាវីតាល់, អង្ករ, មីជាតិ, ទឹកស៉ីអ៉ីវ, ទឹកត្រី, តែ, ស្ករ, អំបិល, ទៀន, ធូប, ថ្នាំសង្កូវ និងបច្ច័យចំនួន២លានរៀល។
លោក ជុនហៀង ថាវសិទ្ធិ ប្រធានគ្រប់គ្រងទីផ្សារ ក្រុមហ៊ុនទឹកពិសាវីតាល់ បានលើកឡើងថា «កូវីដ១៩ មិនត្រឹមតែប៉ះពាល់ដល់សេដ្ចកិច្ចជាតិប៉ុណ្ណោះទេ តែវាក៏ប៉ះពាល់ដល់វិស័យផ្សេងៗ ដែលក្នុងនោះក៏មានវត្តអារាមផងដែរ ដោយសារដើម្បីទប់ស្កាត់ការរីករាលដាល វីរុសកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានចេញគោលការណ៍ណែនាំ ឲ្យប្រជាពលរដ្ឋជៀសវាងការចេញពីផ្ទះ បើមិនមានការចាំបាច់ ជៀសវាងការជួបជុំនៅទីសាធារណៈ។ល។»
លោកបន្តថា «យើងយកចង្ហាន់ មកប្រគេននៅវត្តក្នុងថ្ងៃនេះ ក៏ចង់បង្ហាញដល់សប្បុរសជននានា ឲ្យនឹកដល់ព្រះសង្ឃ នៅតាមវត្តអារាមនានា ពីព្រោះក្រៅពីអ្នកប្រកប របរបន្តិចបន្តួច ដូចជាអ្នកធាក់ស៊ីក្លូ ឬអ្នករត់ម៉ូតូឌុប ព្រះសង្ឃ ក៏កំពុងជួបការលំបាកផងដែរ»។
លោកបន្ថែមទៀតថា ការចូលរួមក្នុងថ្ងៃនេះរបស់វីតាល់ គឺបានមកពីមូលនិធី២៥រៀលវីតាល់ ដោយយើងតែងដកយកថវិកា២៥រៀល ពីការលក់វីតាល់១ដប យកមកចូលរួមក្នុងកិច្ចការសង្គមនានា ដោយផ្តោតលើវិស័យ៤ធំៗ រួមមាន៖ វប្បធម៌ និងសាសនា, កីឡារ និងសុខភាព, បរិស្ថាន និងអប់រំ។
គួរបញ្ជាក់ផងដែរថា វីតាល់ ជាក្រុមហ៊ុនរបស់ខ្មែរ ដែលបានដំណើរកាលអស់រយៈពេល១០ឆ្នាំមកហើយ ដែលកន្លងមកវីតាល់ តែងចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការសង្គម តាមរយៈមូលនិធិ២៥រៀល៕