(ពោធិ៍សាត់)៖ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ រួមនិងមន្រ្តីជំនាញខេត្តជាច្រើនរូបទៀត នៅព្រឹកថ្ងៃនេះ បានចុះ ស្រង់ស្ថិតិ និងវាយតម្លៃពីផលប៉ះពាល់នៅលើដីអភិវឌ្ឍន៍របស់ក្រុមភាពីម៉ិច នៅឃុំត្នោតជុំ ស្រុកក្រគរ ដើម្បីកាត់ចែកប្រជាពលរដ្ឋ ប្រមាណ ៦០៦គ្រួសារ និងរៀបចំចេញប័ណ្ណកម្មសិទ្ធជូនពួកគេ។
ខណៈជួបសំណេះសំណាល និង ធ្វើការសម្របសម្រួល ជាមួយប្រជាពលរដ្ឋនៅចំណុចការដ្ឋានទី ១៤ របស់ក្រុមហ៊ុនភាពីម៉ិច លោកអភិបាលរងខេត្ត បានបញ្ជាក់ថា យោងតាមបទបញ្ជា និង យោងតាម ស.ជ.ណ របស់រដ្ឋាភិបាល លេខ ១១៦៤ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៥ បានធ្វើការសម្រេចកាត់ដីពីក្រុមហ៊ុន ដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋចំនួន ៦០៦គ្រួសារ នៅទីតាំងភូមិថ្មី និង ភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក អ៊ឹង គឹមលាង បានបន្ថែមថា តាមការពិនិត្យជាក់ស្តែង និង តាមការសម្តែងការស្មោះត្រង់របស់ប្រជាពលរដ្ឋ ឃើញថាប្រជាពលរដ្ឋមួយចំនួនបានចូលទៅកាន់កាប់ដីរបស់ក្រុមហ៊ុនភាពីម៉ិច ដែលបានឈូសឆាយដាំដំណាំរួច ហើយមួយចំនួនទៀត គឺជាប្រជាពលរដ្ឋនៅមូលដ្ឋានចាស់។ លោកអភិបាលរងខេត្ត ក៏បានលើកទៀតថា បញ្ហានេះ បើប្រជាពលរដ្ឋមានដីហើយ បែរទៅជាចាប់យកដីអនាធិបតេយ្យទាំងដីរដ្ឋ និងទាំងដីក្រុមហ៊ុនកាន់តែច្រើនទៀត អ្វីៗមិនអាចដោះស្រាយបញ្ចប់បាននោះទេ។
លោកអភិបាលរងខេត្ត បានសូមឲ្យប្រជាពលរដ្ឋរង់ចាំ អភិបាលខេត្តពោធិ៍សាត់ ម៉ៅ ធនិន រួមជាមួយក្រុមការងារ កំពុងដុតដៃដុតជើង ធ្វើការសិក្សាស្រាវជ្រាវ និង ប្រជុំដោះស្រាយសម្រេចបន្ថែម ជាមួយមន្ទីរពាក់ព័ន្ធរកហេតុផលឲ្យបានសមស្រប ទៅតាមស្ថានភាពជាក់ស្តែង នៃគ្រួសារនីមួយៗ ឲ្យត្រឹមត្រូវ និង ច្បាស់លាស់ មុននឹងធ្វើការសម្រេចដោះស្រាយជូន៕