(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ឈា ប៊ុនរិទ្ធិ អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធរួមជាមួយអាជ្ញាធរស្រុកព្រៃឈរ និងស្រុកជើងព្រៃ ចុះពិនិត្យការរដ្ឋានជួសជុលទំនប់អាងទឹកមួយកន្លែង នៅក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ និងឃុំសំរោង ស្រុកព្រៃឈរ ដើម្បីទុកជាប្រយោជន៍ដល់ប្រជាកសិករ បានទឹកស្រោចស្រពដំណាំដាំដុះ បានទាន់ពេលវេលា។
មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយ:ការបង្កើនលទ្ធភាពបង្កបង្កើនផល របស់ប្រជាកសិករផងនោះ រដ្ឋបាលខេត្តកំពង់ចាម បានស្នើសុំទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការជួសជុល ទំនប់អាងទឹកនៅចំនុចទីតាំងដូចខាងលើ និងជួសជុលសំណង់សិល្បការ រួមមានជួសជុលទំនប់អាងទឹកប្រវែង ៣,៩០០ម៉ែត្រ និងទ្វារទឹកចំនួន ០៣កន្លែង។
មន្ត្រីដដែលបញ្ជាក់ថា ទំនប់អាងទឹកតំបន់នោះ អាចរក្សាទឹកទុកបានចំនួន១២លានម៉ែត្រត្រីគុណ សម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សា ៤៥២ ហិចតា ស្រូវប្រាំង ១.២៥០ហិចតា និងដំណាំរួមផ្សំ ៤០ហិចតា ពោលគឺអាចផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន១០ភូមិ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ ដែលក្នុងនោះមានប្រជាពលរដ្ឋ ចំនួន ៣,២១៣គ្រួសារ ដែលអាចអាស្រ័យលើអាងតំបន់នោះ៕