(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រារព្ធពិធីទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២០ ក្រោមប្រធានបទ «បញ្ឈប់ការរាតត្បាតសាកល៖ ការរៀបចំផែនការឆ្លើយតបគ្រោះអាសន្ន ដើម្បីបញ្ឈប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ» តាមរយៈប្រព័ន្ធ Video Conference នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
ការប្រារព្ធពិធីខាងលើធ្វើឡើងដោយមានការចូលរួមពីលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក Graeme Buckley នាយកប្រចាំប្រទេសនៃអង្គការអន្តរជាតិ ខាងការងារ សម្រាប់ប្រទេសកម្ពុជា ថៃ និងឡាវ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (តំណាងនិយោជក) លោក អាត់ ធន ប្រធានសហភាពការងារកម្ពុជា (តំណាងសហជីព) ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធ តំណាងនិយោជក និងកម្មករនិយោជិតសរុបចាប់ពី ៥០០-១០០០នាក់។
នេះជាឆ្នាំទី១៥ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ ក្រោមកិច្ចសហការផ្នែកបច្ចេកទេសជាមួយអង្គការអន្តរជាតិខាងការងារ (ILO) តាមរយ:គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងគម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ (ILO-OSH) ក្នុងគោលបំណងជំរុញគ្រប់ភាគី ពាក់ព័ន្ធដើម្បីរៀបចំផែនការឆ្លើយតប និងវិធានការណ៍ចាំបាច់នានា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅកន្លែងធ្វើការ។
លោក Graeme Buckley បានឱ្យដឹងតាម Video Conference ពីទីក្រុងបាងកកថា អង្គការ ILO រួមទាំងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងគម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពនៅកន្លែងការងាររបស់អង្គការ ILO នៅក្នុងប្រទេសកម្ពុជា ប្តេជ្ញាធ្វើការរួមគ្នាជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចនូវចក្ខុវិស័យពិភពលោកដែលមានកន្លែង ការងារកាន់តែមានសុខភាព និងសុវត្ថិភាពប្រសើរឡើងសម្រាប់ប្រជាជនទាំងអស់។
តាមរយៈ Video Conference នេះដែរ លោក អ៉ិត សំហេង បានឱ្យដឹងថា នៅក្នុងបរិបទនៃរីករាលដាលការឆ្លងជាសកលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ នឹងប្រយុទ្ធប្រឆាំងកូវិដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្រសួងសុខាភិបាលបានធ្វើការយ៉ាងជិតស្និទ្ធ និងហ្មត់ចត់ដោយផ្ទាល់ជាមួយអង្គការសុខភាពពិភពលោក និងកំពុងបន្តផ្សព្វផ្សាយអប់រំស្តីពីជំងឺកូវីដ-១៩នេះ ដល់ប្រជាជនទូទាំងប្រទេស ដើម្បីផ្តល់ចំណេះដឹងពីសុខភាពសាធារណៈ លើការបង្ការខ្លួនឲ្យចៀសផុតពីការឆ្លង។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញនូវសេចក្តីណែនាំបន្ថែមជាបន្តបន្ទាប់ ថែមទាំងបានចាត់ក្រុមការងារឱ្យចុះធ្វើសកម្មភាពផ្សព្វផ្សាយ និងបង្រៀនដល់រដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក រោងចក្រ សហគ្រាសពីវីធីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការទូទៅ សម្រាប់ជួយដល់កម្មករនិយោជិតដែលទទួលរងផលប៉ះពាល់ រួមមាន៖ ការលើកលែងពន្ធប្រថាប់ត្រាចំពោះការទិញផ្ទះតម្លៃក្រោម ៧ ម៉ឺនដុល្លារអាមេរិក ការស្នើឱ្យក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានពន្យារពេលការបង់រំលោះ និងអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក អនុញ្ញាតឱ្យកម្មករនិយោជិតជំពាក់ ការបង់ថ្លៃសេវាប្រើប្រាស់ ក្នុងអំឡុងពេលព្យួរកិច្ចសន្យាការងារ ព្រមទាំងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុធ្វើការបន្ធូរបន្ថយការប្រាក់ និងពន្យារពេលការសងប្រាក់ដើម។ លើសពីនេះ រាជរដ្ឋាភិបាល ក៏បានត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ក្នុងករណីដែល ស្ថានភាពសេដ្ឋកិច្ចរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។
ផ្អែកតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ ២០១៩-២០២៣ ក្រសួងកំពុងបន្តជំរុញការផ្តោតការយកចិត្តទុកដាក់បន្តទៀត ទៅលើវិស័យសុវត្ថិភាពការងារនិងសុខភាពការងារ ដែលកន្លងមកនេះបានសម្រេចលទ្ធផលសំខាន់ៗដូចខាងក្រោម៖
*ទី១៖ បានដាក់ឱ្យប្រើប្រាស់នូវផែនការមេលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ ២០១៨-២០២២ ដែលជាផែនទីចង្អុលផ្លូវក្នុងការអភិវឌ្ឍវិស័យសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា។
*ទី២៖ បានបន្តយន្តការនៃគណៈកម្មាធិការជាតិសុវត្ថិភាព និងសុខភាពការងារ ដើម្បីសម្របសម្រួល និងផ្តល់យោបល់ ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ ថ្នាក់ជាតិ និងសហគ្រាស គ្រឹះស្ថាន។
*ទី៣៖ បានកែលម្អប្រព័ន្ធអធិការកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព តាមរយៈការកែលម្អរបាយការណ៍អធិការកិច្ចការងារ ការពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកអធិការកិច្ចការងារ និងការបង្កើនការចុះអធិការកិច្ចការងារបន្ថែមទៀតទៅដល់វិស័យសំណង់ ឡឥដ្ឋ និងសេវាកម្សាន្ត។
*ទី៤៖ បានដាក់ចេញនូវផែនយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ ២០១៩-២០២៣ ដែលសុវត្ថិភាព និងសុខភាពការងារស្ថិតនៅក្នុងកម្មវិធីទី១ «ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ» ដែលផ្តល់នូវកាលានុវត្តជាយុទ្ធសាស្រ្ត ដើម្បីពង្រឹងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ជំរុញនិងលើកទឹកចិត្តដល់សហគ្រាស គ្រឹះស្ថានដែលអនុវត្តតាមបទដ្ឋានការងារស្នូលសុវត្ថិភាព និងសុខភាពការងារ។
*ទី៥៖ សហការជាមួយទីភ្នាក់ងារជាតិសុខភាព និងសុវត្ថិភាពការងារកូរ៉េ ដើម្បីចាប់ផ្តើមសិក្សា និងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពការងារ។
*ទី៦៖ បន្តកិច្ចសហការជាមួយគម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ នៃអង្គការអន្តរជាតិខាងការងារ (ILO/OSH Project) នូវផែនការសកម្មភាពដូចខាងក្រោម៖
* បន្តរៀបចំគោលនយោបាយជាតិស្តីពីសុខភាព និងសុវត្ថិភាពការងារ និងកម្រងព័ត៌មានជាតិស្តីពីសុខភាព និងសុវត្ថិភាពការងារ
* ពិនិត្យមើលនូវការវាយតម្លៃការអនុវត្តផែនការមេលើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារ (២០១៨ - ២០២២)
* បង្កើតនូវបញ្ជីផ្ទៀងផ្ទាត់ស្តីពីការកែលម្អរបៀបធ្វើការនៅក្នុងការដ្ឋានសំណង់ខ្នាតធំ និងមធ្យម
* បន្ថែមវគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្គោលស្តីពី WISCON៕