(កំពង់ចាម)៖ ដើម្បីចូលរួមអនុវត្ត តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងលើកទឹកចិត្ត ដល់មន្រ្តីថ្នាក់ស្រុកទាំង៣ គឺស្រុកតំបែរ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ឲ្យប្រកាន់ខ្ជាប់នូវអនាម័យ និងបន្តចូលរួមអនុវត្តវិធានការនេះ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ នៅសាលប្រជុំស្រុកកំពង់សៀម លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកទាំង៣ បាននាំយកសម្ភារ និងបរិក្ខារពេទ្យមួយចំនួន មកចែកជូនក្រុមការងារនៅមូលដ្ឋានស្រុកទាំងបី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកទាំង៣ អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក ឃុំ និងមន្រ្តីសុខាភិបាលស្រុក នៃស្រុកទាំង៣។

ក្នុងឱកាសនោះ ក្នុងនាមអភិបាលស្រុកទាំងបី លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម បានរាយការណ៍ជូន លោកប្រធានក្រុមការងារ ជ្រាបដោយសង្ខេប អំពីសកម្មភាព សំខាន់ៗនៃការអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល ជាពិសេស បទបញ្ជាលេខ០២ របស់រាជរដ្ឋាភិបាល ទាក់ទងនឹងការចូលរួម ទាំងកំលាំង កាយចិត្ត សម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកា ពីសប្បុរសជនទីជិត ឆ្ងាយ សមាជិកក្រុមការងារ ចុះមូលដ្ឋាននៃស្រុកទាំង៣ អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺឆ្លងសកលកូវីដ-១៩។

មានមតិសំណេះសំណាល នាខណៈនេះ លោកប្រធានក្រុមការងារ វេង សាខុន បានថ្លែងអំណរគុណជូន ចំពោះសប្បុរសជន និងសមាជិកក្រុមការងារ ដែលបានបរិច្ចាកថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារសម្រាប់ជួយ ដល់ក្រុមការងារបម្រើ ឲ្យសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩នេះ។

លោក វេង សាខុន បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលយើងសម្រេចបាន មកទល់ពេលនេះ តាមរយៈសកម្មភាពមនុស្សធម៌ និងភាពទទួលខុសត្រូវខ្ពស់ របស់សមាជិក ក្រុមការងារថ្នាក់ជាតិ ថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន នៃស្រុកទាំង៣ ដែលបានសហការ អនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជា របស់រាជរដ្ឋាភិបាល បានយ៉ាងល្អប្រសើរ ក្នុងឆន្ទៈរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងការរាលឆ្លងជំងឺនេះ។

បើទោះបី នៅមូលដ្ឋាននៃស្រុកទាំង៣ គ្មានអ្នកឆ្លងជំងឺ ហើយជារួម ស្ថាភាពនៃជំងឺនេះ នៅកម្ពុជាមានលក្ខណល្អប្រសើរ ប៉ុន្តែ លោកបានធ្វើការណែនាំ ក្រើនរំលឹក ជាថ្មីម្តងទៀត ដល់ក្រុមការងារ មន្រ្តីសុខាភិបាល និងបងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នគ្រប់ពេល មិនត្រូវធ្វេសប្រហែស និងមើលស្រាលចំពោះ ការរាលដាល នៃមេរោគកូវីដ-១៩ នេះបានឡើយ ផ្ទុយទៅវិញត្រូវខិតខំសហការអនុវត្តតាមការ ណែនាំនេះបន្ថែមទៀត ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នេះឲ្យកាន់តែមាន ប្រសិទ្ធភាពទ្វេដងថែមទៀត ដោយធ្វើយ៉ាងណាយកឈ្នះ ឲ្យខាងតែបានលើជំងឺឆ្លងនេះ។

ចំពោះសម្ភារដែលបានចែកជូននាពេលនេះ លោកស្នើសុំឲ្យជួយរៀបចំទុកដាក់ ថែរក្សាឲ្យបានគត់មត់ល្អ និងប្រើប្រាស់ឲ្យចំគោលដៅ និងត្រឹមត្រូវ តាមវិធានការអនាម័យ។ ក្រៅពីការងារសុខភាព និងសង្គម លោកក៏បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ជំរុញផលិតកម្មស្បៀង ដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងស្រុក។

ក្រៅពីសម្ភារ លោកប្រធាន និងសមាជិកក្រុមការងារ បានជួយឧបត្ថម្ភថវិកាបន្ថែមសម្រាប់ក្រុម ការងារដោយស្រុកនីមួយៗ ទទួលបាន២លានរៀល និងអ្នកអញ្ជើញ ចូលរួមចំនួន៦៨នាក់ ម្នាក់ៗទទួលបាន១០ម៉ឺនរៀលផងដែរ។ សម្ភារប្រើប្រាស់ ដែលយកមកចែកជូនមាន៖

* ម៉ាស់ការពារ 3D ១ស្រុក ៥,០០០ម៉ាស់ សរុប១៥,០០០ម៉ាស
* ម៉ាស់ការពារ 2D ១ស្រុក ៥,០០០ម៉ាស់ សរុប១៥,០០០ម៉ាស
* ទឹកអាល់កុល១ស្រុក ១០កេះ ស្មើ២០០ដប សរុប៣០កេះ ៦០០ដប
* ទឹកលាងដៃ១ស្រុក ៥កេះ ស្មើ១០០ដប សរុប១៥កេះ ៣០០ដប
* ស្រោមដៃការពារ១ស្រុក ៥កេះ ស្មើ២,៥០០គូរ សរុប១៥កេះ ៧,៥០០គូរ
* សម្លៀកបំពាក់ការពារ១ស្រុក ៥កេះ ស្មើ២០០កំប្លេរ សរុប១៥កេះ ៦០០កំប្លេរ៕