(ភ្នំពេញ)៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងសាងសង់មួយមានដំណើរការល្អ ឬមិនល្អ មិនមែនអាស្រ័យលើក្រុមហ៊ុនម៉ៅការតែប៉ុណ្ណោះទេ ប៉ុន្តែវាអាស្រ័យលើម្ចាស់គម្រោង (អង្គភាពគ្រប់គ្រង និងអង្គភាពអនុវត្តគម្រោង) និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ដែលជាកត្តាដ៏សំខាន់ក្នុងការសម្របសម្រួល និងសហការជាមួយក្រុមហ៊ុនម៉ៅការយ៉ាងជិតស្និទ្ធ ដើម្បីឱ្យគម្រោងមានដំណើររលូន និងមានគុណភាពខ្ពស់។
លោក តូច ចាន់កុសល បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួង ក្នុងឱកាសដែលលោកបានអញ្ជើញ ជាអធិបតីក្នុងពិធីបើកវគ្គ បណ្ដុះបណ្ដាលបច្ចេកទេស សម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដល់មន្ត្រីវិស្វករវ័យក្មេងប្រមាណ១០រូប របស់ក្រសួងដែល ទទួលភារកិច្ចចុះសម្របសម្រួល និងពិនិត្យលក្ខណៈបច្ចេកទេស លើគម្រោងនេះ។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹងថ្មីៗបន្ថែមទៀត ដល់មន្ត្រីតាមរយៈការផ្តល់បទបង្ហាញពីវាគ្មិនអន្តរជាតិ ដែលមានបទពិសោធន៍យូរឆ្នាំ ជាវេទិកាសម្រាប់ការសួរដេញដោល នូវរាល់ចម្ងល់ទាំងឡាយ ដែលធ្លាប់បានជួបប្រទះ ខណៈពេលអនុវត្តជាក់ស្ដែងសំដៅធានា បាននូវទំនុកចិត្តខ្ពស់ ក្នុងការអនុវត្ត ការងារប្រចាំថ្ងៃ។
លោក តូច ចាន់កុសល ក៏បានជម្រាបជូនសិក្ខាកាម អំពីប្រវត្តិសង្ខេបរបស់គម្រោង ឱ្យសិក្ខាកាមជ្រាបដូចជា នីតិវិធីដេញថ្លៃក្រុមហ៊ុនម៉ៅការ ក្រុមហ៊ុនប្រឹក្សាបច្ចេកទេស និងការដោះស្រាយផលប៉ះពាល់ រហូតដល់គម្រោងមួយ ចាប់ផ្ដើមដំណើរការជាផ្លូវការ។
លោករដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា៖ វគ្គបណ្ដុះបណ្ដាលនេះ នឹងផ្ដល់ចំណេះដឹងដ៏មានតម្លៃ ក្នុងការលើកកម្ពស់ សមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីវិស្វករ ដែលជាសសរស្ដម្ភ និងជាទំពាំងស្នងឫស្សី ប្រកបដោយសក្ដានុពលរបស់ប្រទេសជាតិ។
ជាមួយគ្នានោះដែរ លោកក៏បានផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ត្រងត្រាប់ ស្ដាប់ការពន្យល់ពីអ្នកជំនាញ ព្រមទាំងលើកទឹកចិត្ត ឱ្យចូលរួមជាមតិយោបល់ សួរដេញដោលឱ្យបានផុលផុស ដើម្បីស្រាយចម្ងល់សំដៅ ទទួលបានចំណេះដឹងជាក់លាក់ ដើម្បីបម្រើនិងអភិវឌ្ឍប្រទេសជាតិ៕