(ភ្នំពេញ)៖ ពាក្យពេចន៍លាបពណ៌ចោទថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលគេតែងបានឮចេញពីមាត់ មេបក្សប្រឆាំងនៅកម្ពុជា លោក សម រង្ស៊ី និងបរិវារបស់លោកនោះ បាននិងកំពុងក្លាយជាមនោគមន៍វិជ្ជានយោបាយដ៏គ្រោះថ្នាក់ និងធ្វើឲ្យយុវជនខ្មែរមួយចំនួនងប់ងល់លែងស្គាល់អ្វីទៅ ជាសីលធម៌ និង ភាពថ្លៃថ្នូររបស់មនុស្ស។ ពលរដ្ឋខ្មែរជាច្រើនសតវត្សរ៍មកហើយត្រូវបានគេមើលឃើញថា មានគំនុំគុំកួន និងឈឺចាប់យ៉ាងជ្រាលជ្រៅជាមួយ និងប្រជាជាតិវៀតណាម ដោយសារជាតិសាសន៍មួយនេះ ត្រូវបានប្រវត្តិសាស្រ្តចារថា មានល្បិចកិច្ចកលលេបយកទឹកដីខ្មែរ។
បើនិយាយពីការបាត់បង់ទឹកដី នៅក្នុងប្រវត្តិសាស្រ្តខ្មែរ មិនមែនមានតែវៀតណាមទេ ដែលលេបយកទឹកដីខ្មែរនោះ សូម្បីប្រទេសថៃ ក៏បានលេបយកទឹកដីខ្មែរដូចគ្នា តែប្រជាពលរដ្ឋខ្មែរហាក់មានកំហឹងគុំកួន ចងអាឃាតខ្លាំងតែជាមួយវៀតណាម ដោយឡែកជាមួយថៃវិញ កំសួលនៃកំហឹងហាក់មិនសូវដូចប្រទេសវៀតណាមឡើយ។
មូលហេតុដែលនាំឲ្យកំហឹងខ្មែរ ជាមួយវៀតណាមបន្តឆួលឆេះខ្លាំង ដោយសារទំនាក់ទំនងប្រវត្តិសាស្រ្តទឹកដីរវាងខ្មែរ និងវៀតណាម និងកត្តាភូមិសាស្រ្តនយោបាយ នៅតែមានភាពប្រទាក់ក្រឡាគ្នាជារៀងរហូតមក មិនស្ងប់ស្ងាត់ដូចថៃនោះឡើយ។ ការជិះជាន់សង្កត់សង្កិន របស់វៀតណាម ចង់លុបបំបាត់ឲ្យសូន្យទៅលើវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានធ្វើឲ្យអ្នកតស៊ូខ្មែរក្រោមជាច្រើនរើបំរាស់តស៊ូជាញឹកញយ ដោយយកទឹកដីកម្ពុជាធ្វើជាមូលដ្ឋាន ដែលនេះជាហេតុធ្វើឲ្យកូនខ្មែរតែងបានផ្សារភ្ជាប់ជានិច្ចទៅ និងប្រវត្តិសាស្រ្តរបស់ខ្មែរក្រោម។
ក្នុងទំនាក់ទំនងការទូតរវាងកម្ពុជា ចាប់តាំងពីរជ្ជកាលសម្តេច នរោត្តម សីហនុ ជាប្រមុខរដ្ឋ ដែលបានទាក់ទងជួយគ្នាទៅវិញទៅមកប្រឆាំងចក្រពត្តិអាមេរិក និងវៀតណាមខាងត្បូង ក៏ដូចការជួយជ្រោមជ្រែងរបស់វៀតណាម វាយប្តួលរបបសាធារណរដ្ឋ លន់ នល់ និងការជួយជ្រោមជ្រែងរបស់វៀតណាម លើកម្លាំងរណសិស្សសាមគ្គីសង្រ្គោះជាតិ ដែលមានសម្តេច ហេង សំរិន, សម្តេច ជា ស៊ីម និងសម្តេច ហ៊ុន សែន ដើម្បីវាយផ្តួលរបបកម្ពុជា ប្រជាធិបតេយ្យរបស់លោក ប៉ុល ពត សុទ្ធតែបានបង្កើតជាចំណងទំនាក់ទំនងប្រវត្តិសាស្រ្តមួយ ដ៏រញ៉ែរញ៉ៃដូចសំបុកពីងពាង។ ចំណងទំនាក់ទំនងនេះ អ្នកនយោបាយខ្មែរជាគូបដិបក្ខ មិនសូវបានរំលឹកពីភាពល្អជាមួយគ្នា ផ្ទុយទៅវិញ គេតែងបានលើកឡើងថា ទំនាក់ទំនងនេះតែងបានធ្វើឲ្យប្រជាជាតិ ទឹកដីកម្ពុជា អធិបតេយ្យភាព កម្ពុជាត្រូវបាននៅក្រោមការត្រួតត្រា របស់វៀតណាមជានិច្ច។ ព្រោះមើលឃើញពីផលចំណេញ ផ្នែកនយោបាយក្នុងរឿងទំនាក់ទំនង ជាមួយប្រទេសវៀតណាមនេះហើយ ទើបអ្នកនយោបាយ ខ្មែរ ដែលមិនត្រឹមតែសម័យបច្ចុប្បន្ននោះទេ នៅក្នុងសម័យអតីតកាល ក៏តែងបានលើកមកជាប្រធានបទ សម្រាប់ទាញយកប្រជាប្រិយភាព និងការគាំទ្រដូចគ្នា។
នៅក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ការបង្កើតឲ្យមានការបោះឆ្នោតលើកដំបូងនៅឆ្នាំ១៩៩៣ បានធ្វើឲ្យអ្នកនយោបាយខ្មែរ ចេះប្រកួតប្រជែងគ្នា ដើម្បីស្វែងរកការគាំទ្រពីប្រជាជន តែវាក៏ជាពេលដែលពួកគេចាប់ផ្តើមសាបព្រោះនូវពាក្យវាយប្រហារ ទៅលើគណបក្សប្រជាជនកម្ពុជាផងដែរថា ជាគណបក្សមួយនេះរណបយួន គណបក្សលើកបន្តុបដោយយួន រហូតមានអ្នកខ្លះ ហ៊ានហៅថ្នាក់ដឹកនាំគណបក្សមួយនេះថា «ក្បាលយួន ខ្លួនខ្មែរ» ថែមទៀតផង។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់ កាលពីចូលប្រជុំរដ្ឋសភាលើកដំបូងនៅចុងឆ្នាំ២០១៤ ធ្លាប់បានអះអាងទម្លាក់ចោលការចោទប្រកាន់ និងលាបពណ៌ទៅលើគណបក្ស ប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំបក្សនេះថា ជាអាយ៉ងរបស់វៀតណាម ទៀតហើយ។ តែនៅថ្ងៃ ៧ មករា ឆ្នាំ២០១៦ ចំពេលគណបក្សប្រជាជនកម្ពុជា កំពុងធ្វើពិធីអបអរសាទរខួប ៣៧ នៃថ្ងៃជ័យជម្នះ ៧ មករា លើរបបខ្មែរក្រហម លោក សម រង្ស៊ី ក៏បានលេបសម្តី និងរិះគន់បក្សមួយនេះជាថ្មីទៀតថា ត្រូវបានរៀបចំដោយវៀតណាម ហើយ ៧ មករា ក៏ជាការរៀបចំរបស់វៀតណាមដែរ។
ការសាបព្រោះនូវពាក្យញុះញង់ទាំងនេះ បាននាំឲ្យពលរដ្ឋខ្មែរមួយចំនួន ដែលបានងប់ងល់ខ្លាំង បើទោះបីពួកគេត្រូវបានរស់រៀនមានជីវិតឡើងវិញ គេចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយការប្រឹងប្រែងរំដោះពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និង សម្តេចតេជោ ហ៊ុន សែន រហូតមានឱកាសសាងជីវភាពសេដ្ឋកិច្ចគ្រួសាររីកចម្រើននាពេលបច្ចុប្បន្នក្តី ក៏ពួកគេនៅតែបន្តចង កំហឹងយ៉ាងខ្លាំងជាមួយប្រមុខដឹកនាំ រាជរដ្ឋាភិបាល និងតែងបានប្រមាថធ្ងន់ធ្ងរបំផុត ដល់បុរសពិការនេត្រាម្ខាងព្រោះអំបែងគ្រាប់ អំឡុងពេលតស៊ូម្នាក់នេះ។ ការសាបព្រោះនេះបាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនមួយចំនួន បានក្លាយទៅជាមនុស្សខ្វះសីលធម៌ និងបាត់បង់អស់តម្លៃជាមនុស្ស ប្រើប្រាស់ពាក្យពេចន៍មិនគួរគប្បីប្រមាថខ្លាំងៗ លើសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាភរិយារបស់សម្តេច ពេលខ្លះស្ទើរតែមួយគ្រួសារក៏មាន។
តែបើទោះបីជាយ៉ាងណា បុរសកូនកសិករម្នាក់ ដែលធ្លាប់បានពលីទាំងកម្លាំងកាយ ចិត្ត និងញើសឈាម ក្នុងបុព្វហេតុជាតិកម្ពុជា នៅតែបន្តសង្កត់ចិត្តផ្តល់ក្តីមេត្តា មិនបានបន្តប្រកាន់ទោសអូសដំណើរជាមួយពួកគេឡើយ។ ក្នុងនាមជាមេដឹកនាំប្រកបដោយព្រហ្មវិហារធម៌ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook តែងបានឆ្លើយតបប្រកបដោយភាពថ្លៃថ្នូ និងផ្តល់ដំបូន្មានល្អៗ អប់រំ រំពឹងជួយប្រោស និង អូសទាញពួកគេចេញផុតពីបុគ្គល «ពាល»។ សម្តេចនាយករដ្ឋមន្រ្តី ធ្លាប់បានប្រកាសប្រាប់ទៅក្រុមការងារ មិនឲ្យលុបការបញ្ចេញយោបល់ (Comment) របស់អ្នកជេរប្រមាថ សម្តេចឡើយ ដើម្បីមានឱកាសបានអប់រំទូន្មានទៅពួកគេវិញ។
ការសាបព្រោះមនោគមន៍វិជ្ជានេះ ត្រូវបានគេមើលឃើញថា ជាគ្រោះថ្នាក់បំផុតសម្រាប់សង្គមជាតិ។ ក្នុងរបប ប៉ុល ពត មនោគមន៍វិជ្ជាចងអាឃាតនេះ ត្រូវបានគេបំពាក់បំប៉នទៅលើក្រុមក្មេងតូចៗ ដើម្បីគ្រប់គ្រងនៅតាមមូលដ្ឋានទីបំផុតក្រុមក្មេងតូចៗទាំងនោះ លែងស្គាល់ម៉ែឪខ្លួនឯង និង បានជេរប្រមាថអាមឹងទៅលើមនុស្សចាស់ៗដូចសត្វធាតុ ហើយពេលខ្លះពួកគេបានលើកត្បូងចប វាយសម្លាប់មនុស្សទាំងមិនក្លាចញញើតថែមទៀត។
ជារួមមកការសាបព្រោះទស្សនៈអាក្រក់ នាំឲ្យមានការចងអាឃាត ស្អប់ខ្ពើម នាំឲ្យយុវជនបាត់បង់អស់សីលធម៌ និងតម្លៃជាមនុស្សនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងថ្នាក់ដឹកនាំបក្សប្រឆាំងមួយនេះ គួរដល់ពេលបញ្ចប់ហើយ។ មិនគួរ ដើម្បីប្រជាប្រិយភាពរបស់ខ្លួន នាំគ្រោះថ្នាក់មកជាតិ និង ប្រជាជនកម្ពុជានោះឡើយ។
ជាក់ស្តែងដូចនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ យុវជនឈ្មោះ Ngon Ngon (ឈ្មោះលើ Facebook) បានសរសេរនៅលើ Comment នៅលើ Facebook របស់សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងរូបភាពថា «ហូជីមិញនិយាយថា៖ ចង់គ្រប់គ្រងខ្មែរ គឺគ្រប់គ្រងតែឆ្កែ ពីរ បីក្បាល ចិញ្ចឹមឲ្យចំណីដេកស្រួលទៅបានហើយ ចិញ្ចឹមមេដឹកនាំដែលជាកូនជឹង ស្រួលជាងចិញ្ចឹមឆ្កែមួយក្បាលទៀត»។
ពាក់ព័ន្ធនឹងការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបយ៉ាងដូច្នេះថា៖ «ដោយសារតែការព្រហើនបែបនេះ ទើបទាំងមេ ទាំងកូន ត្រូវជាប់គុក។ ឥរិយាបទបែបនេះ គួរបោះបង់ចោលទៅក្មួយ ព្រោះភាពពាលគ្មានប្រយោជន៍ឲ្យក្មួយទេ។ រូបភាពដែលក្មួយ Posted ទាំងប៉ុន្មានគឺជាការប្រមាថដល់រូបខ្ញុំ និងភរិយា។ នេះជាភស្តុតាងជាក់ស្តែង»។
ខាងក្រោមនេះជារូបភាព និង Comment របស់យុវជន Ngon Ngon និងការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន៖
សូមជំរាបថា មានករណីយុវជនម្នាក់បានសរសេរសារគំរាមសម្លាប់ សម្តេចតេជោ ហ៊ុន សែន នៅលើ Facebook ត្រូវបានចៅក្រម លោក ស៊ិត វណ្ណៈ សម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត ដើម្បីរង់ចាំការសាកសួរបន្ត ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នេះ។
យុវជនម្នាក់ដែលបានសរសេរសារគំរាមសម្លាប់ សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម Facebook នៅរសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ធ្វើការសាកសួរតាំងពីព្រឹករហូតដល់យប់។ យុវជនម្នាក់នេះ មានឈ្មោះ ម៉ាន់ សំអ៊ាន់ អាយុ២៥ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ស្ថិតនៅឃុំកោះ ស្រុកសន្ទុក ខេត្តកណ្តាល។ យុវជនខាងលើ ត្រូវបានព្រះរាជអាជ្ញារងចោទប្រកាន់ពីបទប្រមាថ និងបទគំរាមសម្លាប់ តាមមាត្រា៥០២ និង២៣៣ នៃច្បាប់ព្រហ្មទណ្ឌ ដែលប្រឈមនឹងការជាប់ពន្ធនាគារពី៦ខែ ដល់២ឆ្នាំ៕