(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរង ជាតំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយស្តីពីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ដែលត្រូវចូលរួមផ្ទាល់ក្នុងការចាប់ផ្ដើមរឹតបន្តឹងអនុវត្តចរាចរណ៍ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន និងលោកឧត្តមសេនីយ៍ឯក ស ថេត បានផ្តល់ជាមតិណែនាំល្អៗ ជាច្រើនដល់អង្គពិធីទាំងមូល ដើម្បីយកទៅអនុវត្តកិច្ចការរឹតបន្តឹងនេះ ឲ្យមានលក្ខណៈរលូន និងប្រកបដោយការជោគជ័យខ្ពស់។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ស ថេត បានផ្តល់មតិណែនាំជាមតិល្អជាច្រើន ដល់មន្ត្រីដែលត្រូវចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលចាប់ផ្តើមពីថ្ងៃ ទី០១ ខែឧសភា ឆ្នាំ២០២០ រួមមាន៖
*ទី១៖ ត្រូវរៀបចំខ្លួនឲ្យបានស្អាត ស្លៀកពាក់ឲ្យបានសមរម្យ និងកាត់សក់ខ្លីជានិច្ច
*ទី២៖ ត្រូវមានសីលធម៌ គុណធម៌ អាកប្បកិរិយា និងប្រើប្រាស់សម្ដីឲ្យបានសមរម្យ ជាពិសេសគ្រប់ពេលត្រួតពិនិត្យត្រូវធ្វើការគោរពជានិច្ច
*ទី៣៖ ត្រូវពាក់អាវពន្លឺ ពាក់ភ្លើងបំភ្លឺនៅលើស្មា និងពិល។ល។
*ទី៤៖ ត្រូវពាក់ម៉ាស់ ស្រោមដៃ និងលាងដៃជាមួយទឹកអាល់កុលជាប្រចាំ
*ទី៥៖ តាមគោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នឹងមានក្រុមគ្រូពេទ្យការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យ និងតាមដានជាប្រចាំរបស់សុខភាពមន្ត្រីដែលចុះអនុវត្តច្បាប់នេះ។
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ដោយក្នុងឆ្នាំ២០១៩ កំណើនគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យរងរបួស ស្លាប់ មានការកើនឡើងខ្ពស់គួរឲ្យបារម្មណ៍។ ម្យ៉ាងវិញទៀត ក្នុងឆ្នាំ២០១៩ សមត្ថកិច្ចតែងតែមានការយោគយល់ច្រើន ដោយតែងតែធ្វើការណែនាំ អប់រំ ប៉ុន្តែដោយកំណើនគ្រោះថ្នាក់នៅឆ្នាំ២០១៩ ដូច្នេះហើយក្នុងគោលបំណង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយការរងរបួស ការស្លាប់ និងខូចខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា គោលបំណងសំខាន់ ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះ គឺដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ កាត់បន្ថយការស្លាប់ ការរងរបួសពិការ។ លោកស្នងការ ក៏បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ត្រូវតែអនុវត្តឲ្យបានស្មើភាពគ្នា ទាំងប្រជាពលរដ្ឋសាមញ្ញ អ្នកធំ អ្នកក្រ អ្នកមានឲ្យតែខុសច្បាប់ត្រូវអនុវត្តដូចៗគ្នា៕