(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលនូវម៉ាសចំនួន ២៥ម៉ឺនម៉ាសពីសមាគមសហគ្រិនចិនជាំងស៊ូ នៅកម្ពុជា នាថ្ងៃព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
ថ្លែងក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល នៃប្រទេសចិន ដែលបានជួយឧបត្ថម្ភជាសម្ភារបរិក្ខាពេទ្យបម្រើដល់វិស័យ សុខាភិបាល ក៏ដូចជាគ្រូពេទ្យបច្ចេកទេសក្នុងការចូលរួមទប់ស្កាត់មេរោគកូវីដ-១៩ នៅកម្ពុជា។
ដោយឡែកថ្ងៃនេះ សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ក៏បានចូលរួមនូវការចែករំលែកជួយដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈលោកស្រីនូវការផ្តល់នូវម៉ាសទាំងនេះ សម្រាប់បែងចែកជូនដល់៖ រដ្ឋបាលរាជធានីភ្នំពេញ ចំនួន ១០ម៉ឺនម៉ាស, រដ្ឋបាលខេត្តត្បូងឃ្មុំ ចំនួន ៥ម៉ឺនម៉ាស, ស្នងការរាជធានីភ្នំពេញ ចំនួន ៣ម៉ឺនម៉ាស, រដ្ឋបាលខេត្តកណ្តាល ចំនួន ២ម៉ឺនម៉ាស និងរដ្ឋបាលខេត្តស្វាយរៀង ៥ម៉ឺនម៉ាស។
លោកស្រី ម៉ែន សំអន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩។
ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រឹតតិច ក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើន របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ស្របពេលដែលកម្ពុជាមកដល់ថ្ងៃនេះ អ្នកឆ្លងមានចំនួន ១២២នាក់ អ្នកជាសះស្បើយមានចំនួន ១១៩នាក់ និងពុំមានអ្នកស្លាប់នោះទេ៕