(កំពង់ឆ្នាំង)៖ ប្រជាកសិករ ដែលជាអ្នកប្រកបមុខរបរធ្វើស្រែចំការ បាននាំគ្នាចាប់ផ្តើមភ្ជួររាស់ដីស្រែចំការរបស់ពួកគាត់ជាបណ្ដើរៗហើយ បន្ទាប់ពីត្រូវបានធ្លាក់ភ្លៀងមួយមេយ៉ាងធំ មកស្រោចស្រពលើដីស្រែរបស់ពួកគាត់រួចមក។
ការដែលប្រជាកសិករ បានចាប់ផ្ដើម ភ្ជួររាស់សាបព្រួសដីស្រែចំការបស់ពួកគាត់ ពីដើមរដូវបែបនេះ គឺដោយសារតែអំណោយផល ពីធម្មជាតិដោយបានភ្លៀង ធ្លាក់ពីដើមរដូវ ដែលធ្វើឲ្យពួកគាត់មានឱកាសអាចភ្ជួររាស់ សាបព្រួសស្រូវបានពីដើមឆ្នាំ និងមានពេលវេលា ដើម្បីដើរហើរប្រកបមុខរបរផ្សេងៗ ជាបន្តទៀត។
បងប្រុសម្នាក់ ដែលជាប្រជាកសិកររស់នៅក្នុងភូមិអូរកំណប់ ឃុំជ្រៃបាក់ស្រុករលាប្អៀរ បានរៀបរាប់ឲ្យដឹងថា ប្រជាកសិករយើង ដែលមានមុខរបរធ្វើស្រែចំការ គឺពីមុនមក គេត្រូវសាបសំណាប ជាមុនសិន ទើបដកសំណាបនោះ ដើម្បីយកទៅស្ទូងជាបន្តទៀត ចំពោះការសាបសំណាបនេះផងដែរ ក៏ត្រូវការទឹកជោគជាំ ដើម្បីភ្ជួរដាស់ត្រឡប់ដីទុក ឲ្យងាប់ស្មៅ ទើបអាចភ្ជួរជាលើកទី២ ហើយយកស្រូវមកសាបសំណាបបាន។
ចំណែកឯស្រែសន្ទូងវិញក៏ដូច្នោះដែរ គឺត្រូវតែព្យួរដីដាស់ទុកចោលឲ្យងាប់ស្មៅសិន ទើបអាចភ្ជួរស្ទូងជាលើកទី២ បានធ្វើបែបនេះ ទើបស្រូវទទួលបានទិន្នផលល្អ។
តែបច្ចុប្បន្ននេះ ប្រជាកសិករយើងប្រមាណ ៨០ភាគរយ គេលែងសាបសំណាប ដើម្បីដកស្ទូងដូចមុនទៀតហើយឲ្យតែមានភ្លៀងធ្លាក់អាចភ្ជួរមុត គឺគេគ្រាន់តែភ្ជួរដីរួច យកស្រូវមកព្រោះចោលហើយ រាស់លុបជាការស្រេច នៅពេលស្រូវដុះលូតលាស់ល្មមប្រើជី គេត្រូវយកជីមកបាច បន្ទាប់មកត្រូវឧស្សាហ៍បាញ់ថ្នាំសម្លាប់ស្មៅម្ដង ទៅពីរដងតែប៉ុណ្ណោះ។
ធ្វើរបៀបនេះ បើទោះជាមិនសូវទទួលបានទិន្នផល ដូចដែលយើងដកស្ទូងក៏ពិតមែន តែវាអាចកាត់បន្ថយនូវពេលវេលាសម្រាប់ការដើរហើររកស៊ី ធ្វើការងារផ្សេងៗទៀត នឹងមិនចំណាយកម្លាំងពលកម្មច្រើន ដូចដែលយើងត្រូវដកស្ទូងដូចពេលមុនៗនោះទេ៕