(ព្រះសីហនុ)៖ កាលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីបានចុះពិនិត្យអាងចិញ្ចឹមង្គាររបស់ក្រុមហ៊ុនហេងហេង នៅក្នុងមូលដ្ឋានឃុំអូរឧកញ៉ាហេង និងឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះពិនិត្យសកម្មភាពការដាំដុះបន្លែធម្មជាតិជាលក្ខណៈគ្រួសាររបស់ប្រជាជននៅឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្តទៀត។

ថ្លែងទៅកាន់ប្រជាកសិករតាមជនបទនាឱកាសនោះ លោក គួច ចំរើន បានបង្ហាញក្តីសោមនស្សចំពោះប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលបានចាប់អារម្មណ៍ការដាំដុះបន្លែធម្មជាតិ រួមផ្សំជាលក្ខណៈគ្រួសារដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ និងលក់ដូររកប្រាក់ចំណូលបន្ថែមមួយចំនួនផង សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

អភិបាលខេត្ត បានបង្ហាញការគាំទ្រ និងជំរុញលើកទឹកចិត្តដល់កសិករឲ្យបង្កើនការដាំបន្លែគ្មានជាតិគីមីអោយបានច្រើនថែមទៀត ក្រៅពីការធ្វើស្រែតាមធម្មជាតិ។ ទន្ទឹមនោះដែរលោក គួច ចំរើន បានណែនាំមន្ទីរកសិកម្ម ត្រូវជួយកសិករក្នុងការផ្តល់បច្ចេកទេសនានា ដើម្បីឲ្យការដាំដុះទទួលបានទិន្នផលខ្ពស់ និងមិនប៉ះពាល់ដល់សុខភាព និងជំរុញបំផុសចលនា នៃការដាំដុះបន្លែធម្មជាតិនេះ ឱ្យកាន់តែផុលផុសនាពេលខាងមុខ៕

,