(កំពង់ឆ្នាំង)៖ សម្រាស់ហ៊ុំចាប់ត្រី និងដើម្បីឆក់ត្រី បាននឹងកំពុងកើតមានឡើង នៅចំណុចសណ្តាន់ស្តីបន្លិច ប៉ប្រកពាមបាលូង និងភូមិគ្រួសទល់មុខកោះបូរ ជាពិសេសតំបន់សំរោងសែន និងតំបន់អភិរក្សបឹងផ្សោត អតីតឡូតិ៍លេខ១០ ខេត្តកំពង់ឆ្នាំង ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានសមត្ថកិច្ច និងមន្រ្តីជំនាញខាងណា ចុះទៅបង្ក្រាបនោះឡើយ។
ប្រជាពលរដ្ឋ ជាអ្នកប្រកបរបរធ្វើចំការ បានឲ្យដឹងថា បច្ចុប្បន្ននេះរាល់ពេលល្ងាចៗ គាត់បានឃើញក្រុមជនល្មើស ស្ពាយឧបករណ៍ឆក់ត្រី បញ្ចេញសកម្មភាពប្រសេចប្រសាច នៅតំបន់ខាងលើ ប៉ុន្តែមិនមានសមត្ថកិច្ច ខាងណាចុះទៅទប់ស្កាត់ និងធ្វើការបង្ក្រាបនោះទេ ដែលធ្វើឲ្យពួកគាត់បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះការបាត់បង់ធនធានត្រី។
ដោយឡែក បទល្មើសហ៊ុំសម្រាស់ចាប់ត្រី ក៏ចាប់ផ្តើមសម្រុកដោយដាក់បំប្លោកពីលើ ដាក់មែកឈើពីក្រោម ហើយសកម្មភាពទាំងនេះ ត្រូវបានក្រុមអ្នកហ៊ុំសម្រាស់អះអាងថា បានបង់លុយទៅឲ្យសមត្ថកិច្ចជំនាញ ពាក់ព័ន្ធរួចហើយ រាប់បញ្ចូលទាំងប៉ុស្តិ៍មូលដ្ឋានផងដែរ។
ចំណែកផលប្រយោជន៍ទាំងនេះ ក៏ត្រូវបានគេទម្លាយឲ្យដឹងថា លោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផល ក៏ទទួលបានច្រើនជាងគេផងដែរ។ ក្រុមអ្នកហ៊ុំសម្រាស់បានលួចប្រាប់អង្គភាព Fresh News ថា ក្នុងមួយគុម្ព ឬហ៊ុំម្តងៗ បង់ឲ្យសង្កាត់១គុម្ពៗ១៥ម៉ឺនរៀល ផ្នែក១៥ម៉ឺនរៀល រីឯលោកនាយខណ្ឌ៤០ម៉ឺនរៀល ដែលថវិកាទាំងនេះត្រូវបានអ្នករត់ការ យកទៅដង្វាយដល់កន្លែងតែម្តង។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើអង្គភាព Fresh News មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង បាននៅឡើយទេនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេ ខណៈមន្ត្រីជលផលថ្នាក់ផ្នែក បានបដិសេធការចោទប្រកាន់ខាងលើនេះ៕