(បាត់ដំបង)៖ ដោយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានប្រគល់សម្ភារកំចាត់មេរោគ COVID-19 ដល់គ្រឹះស្ថានសិក្សា ចំនួន៦កន្លែង ក្នុងក្រុងបាត់ដំបង ដើម្បីសម្លាប់មេរោគ និងការពារការឆ្លងរោគដល់សិស្ស ដែលត្រៀមចូលរៀនវិញនាពេលខាងមុខនេះ ក្រោយពីបានផ្ទុះមេរោគ COVID-19 នៅលើពិភពលោករួចមក។
លោក ងួន រតនៈ បានឲ្យដឹងថា ក្រោយពីបានផ្ទុះមេរោគ COVID-19 នៅលើពិភពលោកកន្លងមក ប្រទេសកម្ពុជាក៏មានឆ្លងនាំចូលពីក្រៅប្រទេសផងដែរ តែរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយមានកិច្ចសហការជាមួយអាជ្ញាធរដែនដី កងកម្លាំងគ្រប់ប្រភេទគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសកម្ពុជា បានទប់ស្កាត់ទាន់ពេលវេលារហូតដល់ ជាសះស្បើយជាបន្តបន្ទាប់ដោយគ្មានស្លាប់នោះឡើយ ដោយឡែកនៅខេត្តបាត់ដំបងក៏មានអ្នកកើតរោគនេះចំនួន៨នាក់ បច្ចុប្បន្នបានជាសះស្បើយ ត្រូវបានគ្រូពេទ្យអនុញាតឲ្យត្រឡប់ទៅផ្ទះវិញអស់ហើយ។
លោក ងួន រតនៈ បានបញ្ជាក់ថា ទៅជាខេត្តបានបញ្ចប់ និងគ្មានអ្នកឆ្លងមេរោគ COVID-19 នេះក៏ដោយតែយើងនៅតែមានវិធានការពារជាប្រចាំ មិនឲ្យមាបការឆ្លង ជាលើកទី២ទៀតឡើយ និងបានការពារប្រឆាំងមេរោគនេះតាមរយ:បាញ់ថ្នាំសម្លាប់មេរោគនេះនៅតាមទីសាធារណ:គ្រប់កន្លែង ជាក់ស្តែងដើម្បីសម្អាតបន្ទប់រៀន របស់សិស្សនៅតាមវិទ្យាល័យនានា ត្រៀមសម្រាប់សិស្សចូលរៀនវិញឆាប់ៗខាងមុខនេះផងនោះ រដ្ឋបាលខេត្តបានចែកសម្ភារសម្លាប់មេរោគដល់សាលាចំនួន៦រួមមាន៖ វិទ្យាល័យនេតយ៉ង់, វិទ្យាល័យសម្តេចឪ, វិទ្យាល័យព្រះមុនីវង្ស, វិទ្យាល័យក្តុលដូនទាវ, គរុកោសល្យភូមិភាគ និងសាលាអង្គការហ្វាពន្លឺសិល្ប: ដោយសាលានីមួយៗ ទទួលបានម៉ាស៊ីនបាញ់ថ្នាំ១ ទឹកថ្នាំធុងធំ១ ប៊ីដុង២ និងសាប៊ូដុំ១កែស។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់លោកនាយកសាលាទាំង៦ថា សម្ភារដែលបានចែកជូននេះត្រូវយកទៅប្រើប្រាស់ឲ្យចំគោលដៅ និងការពារសម្អាតអនាម័យជាប្រចាំ និងផ្សព្វផ្សាយដល់សិស្សឲ្យយល់ដឹងបន្ថែមទៀតតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ជំងឺនេះកុំឲ្យឆ្លងបន្តទៀតបាន៕