(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារនាំយកអំណោយរបស់សាខាបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវខ្វះខាត ជនចាស់ជរា ស្ត្រីម៉េម៉ាយចំនួន ៣សង្កាត់ ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានសង្កាត់ស្មាច់មានជ័យ ១០គ្រួសារ សង្កាត់ដងទង់ ១០គ្រួសារ សង្កាត់ស្ទឹងវែង ១២គ្រួសារ សរុបចំនួន៣២គ្រួសារ។
លោកស្រី មិថុនាភូថង បានថ្លែងថា ទោះបីជាជំងឺកូវីដ១៩ ដែលមានការរីរាលដាលនៅលើពិភពលោកក៏ដោយ តែកាកបាទក្រហមកម្ពុជានៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេស ការផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេចតែងតែគិតគូរជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាកជិត ឬឆ្ងាយ ព្យុះភ្លៀងឡើយក៏កាកបាទក្រហមកម្ពុជាទៅដល់ទីនោះភ្លាមៗដែរ។
លោកស្រីអភិបាលខេត្ត ក៏បានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នជានិច្ចចំពោះមេរោគកូវីដ១៩ ដោយត្រូវថែទាំសុខភាពធ្វើអនាម័យជាប់ជាប្រចាំ ក្នុងការរស់នៅ ពិសេសអនុវត្តឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល មន្ទីរពេទ្យ និងពីក្រុមលោកគ្រូពេទ្យ ហើយត្រូវចូលរួមទប់ស្កាត់ការរីករាលដាល មេរោគកូវីដ១៩នេះបន្តទៀត ។
លោកស្រីបានបន្ថែមថា បើបងប្អូនមានលក្ខណៈសង្ស័យពីសុខភាពខ្លួន ឬកូនចៅ ត្រូវអញ្ជើញទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតលំនៅដ្ឋានបងប្អូនភ្លាមៗ ដើម្បីឲ្យលោកគ្រូពេទ្យពិនិត្យសុខភាព និងផ្តល់ប្រឹក្សាជូនបងប្អូន ហើយសូមបងប្អូនធ្វើការអនាម័យជាប់ជានិច្ច តាមការណែនាំផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូនពលរដ្ឋក្រីក្រទាំង៣២គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគ ទឹកអាកុលលាងដៃ និងថវិកាមួយចំនួនផងដែរ៕